Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីភ្នាក់ងារជួយប៉ាឡេស្ទីន និងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងក្លាយជាគោលដៅបន្ទាប់របស់ លោក ត្រាំ (Video inside)

04-02-2025 11:58

(វ៉ាស៉ីនតោន)៖ តាមការប្រកាសរបស់សេតវិមាន នៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈ លោកប្រធានាធិបតី ដូណាល់​ ត្រាំ អាចគិតគូរពីការផ្អាកការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ហើយបន្តផ្អាកការផ្តល់ជំនួយដល់ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

កាលពីអាណត្តិទី១ លោក ត្រាំ ធ្លាប់កាត់ផ្តាច់មូលនិធិសម្រាប់ UNRWA ដោយលើកឡើងពីគុណតម្លៃនៃទីភ្នាក់ងារនេះ ដោយនិយាយថា ប៉ាឡេស្ទីនចាំបាច់ត្រូវយល់ព្រម បន្តការចរចាសន្តិភាពជាមួយអ៉ីស្រាអែល និងអំពាវនាវឱ្យមានការធ្វើកំណែទម្រង់។

នៅអាណត្តិទី ១ដដែលនោះ រដ្ឋបាលលោក ត្រាំ ក៏បានបណ្តេញក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានសមាជិក ៤៧រូប អំឡុងពេលពាក់កណ្តាលអាណត្តិ ៣ឆ្នាំរបស់ខ្លួន ដោយលើកឡើងពីអ្វីដែលខ្លួនហៅថា ជាភាពលំអៀងដ៏រ៉ាំរ៉ៃប្រឆាំងអ៉ីស្រាអែល និងកង្វះខាតការធ្វើកំណែទម្រង់។

គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើង ចំពេលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ខណៈដែលលោកបានរិះគន់ UNRWA ជាយូរមកហើយ ជុំវិញសកម្មភាពប្រឆាំងអ៉ីស្រាអែល។ ទាក់ទងនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សវិញ ក្រោមការដឹកនាំរបស់​លោក ចូ បៃដិន អតីត​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​ត្រូវបានបោះឆ្នោតឱ្យកាន់​តំណែង​ពី​ឆ្នាំ ២០២២-២០២៤។ ប៉ុន្តែបច្ចុប្បន្ន សហរដ្ឋអាមេរិក មិនមែនជាសមាជិកនៃក្រុមប្រឹក្សា ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវនេះទៀតទេ។ ភ្លាមៗ អង្គការសហប្រជាជាតិ និងទីភ្នាក់ងារ UNRWA មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ៕