(វ៉ាស៉ីនតោន)៖ យន្តហោះយោធាអាមេរិក បាននិងកំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍ឥណ្ឌា ត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ដែលជាគោលដៅហោះហើរឆ្ងាយជាងគេ នៅក្នុងដំណើរការនិរទេសចេញពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឱ្យជួយអនុវត្តរបៀបវារៈអន្តោប្រវេសន៍របស់លោក រួមមានការបញ្ជូនទាហានបន្ថែមទៅព្រំដែនអាមេរិក-ម៉ិកស៉ិក ការប្រើប្រាស់ប្រើយន្តហោះយោធាសម្រាប់ការនិរទេស និងបើកមូលដ្ឋានយោធាឱ្យអ្នកដែលត្រូវទៅវិញ ជ្រកកោណបណ្តោះអាសន្ន។ តាមមន្រ្តីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យន្តហោះ C-17 បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌាហើយ ជាមួយនិងជនអ​ន្តោប្រវេសន៍នៅលើនោះ ប៉ុន្តែមិនអាចទៅដល់គោលដៅទេក្នុងរយៈពេលត្រឹម ២៤ម៉ោង។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបានផ្តល់ជើងហោះហើរ ដើម្បីនិរទេសជនអន្តោប្រវេសន៍ជាង ៥ ០០០នាក់ ដែលពេលនេះកំពុងស្ថិតក្រោមគ្រប់គ្រងដោយអាជ្ញាធរអាមេរិក នៅទីក្រុង El Paso រដ្ឋ Texas និងទីក្រុង San Diego រដ្ឋ California។ មកដល់ពេលនេះ យន្តហោះយោធាបានបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសហ្កាតេម៉ាឡា ប៉េរូ និងហុងឌូរ៉ាស៕