(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយជាកម្លាំងជួយដល់ កងទ័ពរុស្ស៉ី នៅឯសមរភូមិមុខក្នុងតំបន់ Kursk បានបាត់មុខពីសមរភូមិប្រយុទ្ធចាប់តាំងពីពាក់កណ្ដាលខែមករា បន្ទាប់ពីអ៊ុយក្រែនបានអះអាងថាទាហានកូរ៉េខាងជើងបានដកថយ ក្រោយស្លាប់ និងរបួសជាច្រើន។

សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា «ចាប់តាំងពីខែមករាមក ទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី មិនបានចូលរួមក្នុងការប្រយុទ្ធ នោះទេ...ហើយមានហេតុផលមួយ នោះគឺដោយសារតែអាចមកពីមានទាហានស្លាប់ និងរងរបួសច្រើនពេក។ ប៉ុន្តែ ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការតាមដាននៅឡើយ»

យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថាខ្លួនជឿជាក់ទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិមុខក្នុងតំបន់ Kursk បានបាត់មុខពីការប្រយុទ្ធ ក្រោយ មានទាហានស្លាប់ និងរងរបួសជាច្រើននាក់។ តាមចារកម្មលោកខាងលិច កូរ៉េខាងត្បូង និងអ៊ុយក្រែន ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់ កងទ័ពរុស្ស៉ីដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសរុស្ស៉ី ជាទីដែលកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុក និងដណ្ដើមគ្រប់គ្រងបាន ទឹកដីមួយចំនួនចាប់តាំងពីខែសីហា ឆ្នាំមុនមក។

ទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ជាផ្លូវការពីការដាក់ពង្រាយទាហានកូរ៉េខាងជើងនោះទេ។ ប៉ុន្តែ ប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងនោះរួមមានការឯកភាព ជួយការពារគ្នាទៅវិញទៅមកតាមមធ្យោបាយយោធា នៅពេលលោកប្រធានាធិបតីរុស្ស៉ី ពូទីន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំមុន៕