(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអារ៉ាប់ចំនួន៥ និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បានផ្ញើលិខិតរួមមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដើម្បីបញ្ជាក់ពី គោលជំហរប្រឆាំងជំទាស់ទៅនឹងការជម្លៀស ឬផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ជាគំនិតមួយដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីចុងខែមករា។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លិខិតខាងលើត្រូវបានផ្ញើទៅកាន់លោក Rubio កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ និងត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី អេហ្ស៉ីប អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងទីប្រឹក្សាប្រធានាធិបតីប៉ាឡេស្ទីន លោក Hussein al-Sheikh។ ព័ត៌មាននេះត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មានអាមេរិក Axios ដែលបានឱ្យដឹងថាប្រមុខការទូតនៃ បណ្ដាប្រទេសអារ៉ាប់ទាំងនេះបានជួបគ្នាក្នុងទីក្រុងគែរ កាលពីចុងសប្ដាហ៍កន្លងទៅ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែមករា បានលើកឡើងពីគំនិតចង់បោសសម្អាតតំបន់ហ្កាហ្សា តាមរយៈការផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសក្បែរ ខាងដូចជាហ្ស៊កដានី និងអេហ្ស៉ីប។ នៅពេលត្រូវបានសាកសួរថាតើការជម្លៀសនេះត្រូវធ្វើឡើងជាបណ្ដោះអាសន្ន ឬរយៈពេលវែង លោក ត្រាំ បានឆ្លើយថាវាអាចរយៈពេលខ្លី ឬក៏រយៈពេលវែង៕