(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកកិច្ចពិភាក្សាមួយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ ឬអាចក្នុងសប្ដាហ៍នេះ ខណៈសហរដ្ឋអាមេរិក និងចិនកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងដែលអាចនឹងជួយបញ្ចៀសសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។ នេះបើតាមអ្នកនាំពាក្យម្នាក់របស់លោក ត្រាំ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រកាសពីការដំឡើងការយកពន្ធលើទំនិញនាំចូលពីម៉ិកស៊ិក កាណាដា និងចិន ជាកិច្ចប្រឹងប្រែងមួយដែលលោក ត្រាំផ្ទាល់ហៅថាជាការ ដាក់សម្ពាធឱ្យប្រទេសទាំង៣នេះជួយទប់ស្កាត់លំហូរចូលថ្នាំញៀនខុសច្បាប់ fentanyl ចូលក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ បានពន្យារពេលអនុវត្តការយកពន្ធលើម៉ិកស៉ិក និងកាណាដា កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ប៉ុន្តែការយកពន្ធលើចិននឹងត្រូវចូលជាធរមាននៅប៉ុន្មានម៉ោងទៀតនេះ។ «វានឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ»។ នេះជាការបញ្ជាក់ របស់អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt។

កិច្ចសន្ទនាតាមទូរស័ព្ទខាងលើប្រសិនបើកើតឡើងពិតមែន នោះវានឹងក្លាយជាកិច្ចពិភាក្សាលើកដំបូងរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់ តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែមករា។ មេដឹកនាំទាំង២ ក៏ធ្លាប់បានជជែកគ្នារួចហើយដែរមុនពេលពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានគំរាមដំឡើងការយកពន្ធបន្ថែមពីចិន បន្ទាប់ពីលោកបានដាក់កាតព្វកិច្ចយកពន្ធ១០ភាគរយលើគ្រប់ទំនិញទាំងអស់នាំចូលពីចិន ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃអង្គារសប្ដាហ៍នេះ៕