(វ៉ាស៊ីនតោន)៖ នៅប៉ុន្មានម៉ោងបន្ទាប់ពីឡើងស្បថចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសជាផ្នែកមួយនៃគោលនយោបាយ «America First»។ «លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកលែងចំណាយលុយទាំងងងឹតងងុលដោយមិនមានអ្វីត្រឡប់មកវិញសម្រាប់ប្រជាជនអាមេរិកតទៅទៀតឡើយ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce ដោយបន្ថែមថា «ការត្រួតពិនិត្យឡើងវិញ និងការកែប្រែជំនួយបរទេសដើម្បីប្រយោជន៍របស់ប្រជាជនអាមេរិកប្រឹងប្រែងធ្វើការ និងជាអ្នកបង់ពន្ធ គឺមិនមែនត្រឹមតែជារឿង ត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះទេ តែវាគឺជារឿងត្រូវតែធ្វើតែម្ដង»

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយធំជាងគេបំផុតនៅលើពិភពលោក បានបង្កភាពភ្ញាក់ផ្អើលនៅទូទាំងពិភពលោក ខណៈក្រុមអង្គការសង្គមស៊ីវិលព្រមានថាការផ្អាកជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន​ធ្វើឱ្យជីវិតមនុស្ស រាប់លាននាក់ជួបហានិភ័យ។ កាលពីឆ្នាំ២០២៣ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយជាង ៧២ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសជាង ១៨០។ បើតាមក្រសួងការបរទេសអាមេរិក ក្នុងរយៈពេល៣ខែខាងមុខ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio នឹងធ្វើការត្រួតពិនិត្យ ហើយធ្វើការសម្រេចចិត្តថាតើត្រូវបន្តផ្ដល់ជំនួយ ធ្វើការកែសម្រួល ឬក៏បញ្ចប់កម្មវិធីផ្ដល់ជំនួយ ស្របពេលកម្មវិធីស្បៀងអាហារបន្ទាន់ ដូចជាកម្មវិធីដែលកំពុងជួយដល់ប្រជាជនរងផលប៉ះពាល់ ពីគ្រោះទុរភិក្សដោយសារសង្រ្គាមនៅស៊ូដង់ រួមទាំងជំនួយយោធាសម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធ២របស់សហរដ្ឋអាមេរិក គឺអ៉ីស្រាអែល និងអេហ្ស៉ីបត្រូវបានលើកលែង។

* តើប្រទេសណាខ្លះរងផលប៉ះពាល់ធ្ងន់ធ្ងរពីការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក?

កាលពីឆ្នាំ២០២៣ ជំនួយមួយផ្នែកធំដែលសហរដ្ឋអាមេរិកបានចំណាយនៅក្រោមទម្រង់ជាជំនួយសេដ្ឋកិច្ចគឺមានទំហំ ៥៩.៩ពាន់លានដុល្លារ ហើយក្នុងនោះអ៊ុយក្រែនទទួលបាន ១៤.៤ពាន់លានដុល្លាសពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា USAID។ ប្រទេសដែលទទួលជំនួយធំទី២ ពីសហរដ្ឋអាមេរិក នោះគឺហ្ស៊កដានីដែលទទួលបានជំនួយសេដ្ឋកិច្ច ៧៧០លានដុល្លារតាមរយៈ USAID។ រីឯយេម៉ែនទទួលបាន ៣៥៩.៩លានដុល្លារ និងអាហ្វហ្កានីស្ថានទទួលបាន ៣៣២លានដុល្លារ។ ជំនួយត្រូវបានផ្ដល់ឱ្យបណ្ដាប្រទេសនានាតាមរយៈក្រសួង ឬទីភ្នាក់ងារជាច្រើនរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក និង USAID ជាដើម ដែលទទួលបានកញ្ចប់ថវិកា ៤២.៤៥ពាន់លានដុល្លារ និងបន្ទាប់មកគឺក្រសួងការបរទេសអាមេរិកទទួលបានកញ្ចប់ថវិកា ១៩ពាន់លានដុល្លារ និងក្រសួងហិរញ្ញវត្ថុ ២.១៧ពាន់លានដុល្លារ។

បើនិយាយពីការផ្ដល់ជំនួយទៅតាមវិស័យនីមួយៗវិញ វិស័យអភិវឌ្ឍសេដ្ឋកិច្ចគឺទទួលបានជំនួយច្រើនជាងគេពីសហរដ្ឋអាមេរិក ក្នុងទំហទឹកប្រាក់ ១៩ពាន់លានដុល្លារ សុខាភិបាល ១៦ពាន់លានដុល្លារ និងមនុស្សធម៌ ១៥.៦ពាន់លានដុល្លារ។ បន្ថែមពីលើជំនួយសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ៨.២ពាន់លានដុល្លារទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញពិភពលោក ហើយជិតពាក់កណ្ដាលនៃជំនួយយោធានេះត្រូវផ្ដល់ទៅឱ្យអ៉ីស្រាអែល និងអេហ្ស៉ីប។ ពោលគឺអ៉ីស្រាអែលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក ៣.៨ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៨ ខណៈអេហ្ស៉ីបទទួលបានជំនួយយោធា ១.២ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់តាំងពីបានចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាពជាមួយអ៉ីស្រាអែល ក្នុងឆ្នាំ១៩៧៨មក។ សហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយហិរញ្ញវត្ថុដល់អេហ្ស៉ីប ចាប់តាំងពីការចុះសន្ធិញ្ញានេះផងដែរ។

* តើកម្មវិធីណាខ្លះទទួលបានជំនួយច្រើនជាងគេពីសហរដ្ឋអាមេរិក?

នៅក្នុងចំណោមកម្មវិធីដែលនឹងទទួលរងផលប៉ះពាល់ ក្នុងនោះរួមមានទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺអេដស៍សហរដ្ឋអាមេរិក PEPFAR ដែលទទួលបានជំនួយជិត ១២០ពាន់លានដុល្លារ ចាប់តាំងពីកម្មវិធីចាប់ផ្ដើមដំណើរការ ក្នុងឆ្នាំ២០០៣។ ជាកម្មវិធីសុខាភិបាលធំជាងគេបំផុតនៅលើពិភពលោក ដែលប្រកាសដាក់ឱ្យប្រើដោយអតីតប្រធានាធិបតីអាមេរិក លោក George W Bush ទីភ្នាក់ងារ PEPFAR ត្រូវបានគេជឿជាក់ថាបានជួយសង្រ្គោះជីវិតមនុស្ស ២៥លាននាក់ ក្នុងនោះរួមមានកុមារ ៥.៥លាននាក់ នៅតាមបណ្ដាប្រទេសយ៉ាងហោច៥០។

អង្គការ AmfAR ដែលផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវជំងឺអេដស៍ បានរិះគន់ការផ្អាកជំនួយសម្រាប់កម្មវិធី PEPFAR ដោយនិយាយថាមនុស្សរាប់សែននាក់នឹងមិនអាចទទួលបានសេវាព្យាបាលជំងឺអេដស៍ និងសេវាផ្សេងទៀត ប្រកបដោយប្រសិទ្ធភាពនោះទេ។

* តើជំនួយបរទេសរបស់អាមេរិកប្រែប្រួលដូចម្ដេចខ្លះ ប៉ុន្មានឆ្នាំមកនេះ?

សហរដ្ឋអាមេរិកបានផ្ដល់កម្ចី ជំនួយបច្ចេកទេស និងការគាំទ្រដោយកញ្ចប់ថវិកា ជាពិសេសសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ៍ ដើម្បីជំរុញផលប្រយោជន៍អាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កាលពីឆ្នាំ២០២៣ វិទ្យាស្ថាន Council on Foreign Relations (CFR) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «សហរដ្ឋអាមេរិកបានប្រើប្រាស់ជំនួយបរទេស ជាឧបករណ៍នយោបាយការបរទេស»។ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយស្ដារសេដ្ឋកិច្ចឡើងវិញ ដល់បណ្ដាប្រទេសលោកខាងលិច នៅក្រោមផែនការ Marshall Plan ក្នុងឆ្នាំ១៩៤៨ ក្រោយរងការបំផ្លិចបំផ្លាញដោយសង្រ្គាមលោកលើកទី២។ វ៉ាស៊ីនតោនក៏បានជួយកសាងប្រទេសជប៉ុនឡើងវិញ និងធ្វើកំណែទម្រង់ស្ថាប័ននយោបាយ ផងដែរក្រោយតូក្យូចាញ់សង្រ្គាមលោកលើកទី២។ រហូតដល់អំឡុងការឆ្លងរាតត្បាតកូវីដ១៩ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយមនុស្សធម៌ ៤ពាន់លានដុល្លារ ដើម្បីផ្ដល់វ៉ាក់សាំងដល់ប្រទេសចំនួន៩២ ដែលជាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។

ជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសបង់ក្លាដែស បានរងផលប៉ះពាល់ពីការផ្អាកជំនួយលើកចុងក្រោយបំផុត ខណៈប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះកំពុងងើបឡើងវិញពីបាតុកម្មដ៏ប្រល័យកាលពីខែសីហា ឆ្នាំ២០២៤ ដែលបានបណ្ដេញអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ចេញពីតំណែង។ កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានផ្អាកជំនួយជាង ៩៥លានដុល្លារ ដល់ប្រទេសហ្ស៊កហ្ស៉ី ជុំវិញការអនុម័តច្បាប់មួយដែលក្រុមមន្ត្រីអាមេរិក ចាត់ទុកថាប្រឆាំង របបប្រជាធិបតេយ្យ។

លោកស្រី Rachel Bonnifield ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពី Center for Global Development យល់ថាការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកអាចនឹងធ្វើឱ្យមានការប្រែប្រួលទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃដែលទទួលជំនួយពី សហរដ្ឋអាមេរិក។ បើតាមអ្នកជំនាញរូបនេះ តាមរយ​ៈការផ្អាកជំនួយបរទេស វាក៏អាចផ្លាស់ប្ដូរការគិតរបស់បណ្ដាប្រទេសដៃចំពោះសហរដ្ឋអាមេរិកផងដែរ៕