(ម៉ូស្គូ)៖ ប្រភពពីររបស់រុស្ស៊ីបានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងត្រូវបានគេពិចារណាថា ជាទីតាំងដែលអាចធ្វើទៅរួចសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្លាប់បានបញ្ជាក់ពីឆន្ទៈក្នុងការជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈលោក ពូទីន ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការជួប ពិភាក្សានេះផងដែរ។

មន្ត្រីរុស្ស៊ីបានបដិសេធនូវការទាក់ទង ដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជុំវិញការរៀបចំ កិច្ចប្រជុំនេះ។ ទោះយ៉ាងណាប្រភពបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានធ្វើទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត និង UAE ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ប្រភពមួយបានលើកឡើងពីការប្រឆាំងផ្ទៃក្នុងខ្លះនៅក្នុងរុស្ស៊ី ចំពោះជម្រើសទីតាំងទាំងនេះ ដោយសារតែទំនាក់ទំនងជិតស្និទ្ធ ផ្នែកយោធានិងសន្តិសុខ រវាងប្រទេសទាំងពីរជាមួយ សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាទាំងលោក ត្រាំ និងលោក ពូទីន មានទំនាក់ទំនងល្អ ជាមួយមេដឹកនាំនៃប្រទេសទាំងពីរ។

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman គឺជាប្រមុខរដ្ឋាភិបាលបរទេសដំបូងគេ ដែលប្រធានាធិបតី ត្រាំ បានទូរសព្ទទៅក្រោយចូលកាន់តំណែង។ ចំណែកលោក ពូទីន បានថ្លែងអំណរគុណដល់រាជទាយាទអង្គនេះ សម្រាប់ជំនួយក្នុងការរៀបចំការផ្លាស់ប្តូរអ្នកទោស អាមេរិក-រុស្ស៊ី ដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់៕