(អូតាវ៉ា)៖ ប្រជាជនកាណាដា កំពុងបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះការប្រកាសរបស់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីវិធានការដំឡើងពន្ធ ២៥% លើទំនិញកាណាដាភាគច្រើន។ ប្រតិកម្មទាំងនោះរួមមានការលុបចោលគម្រោងធ្វើដំណើរទៅអាមេរិក ធ្វើពហិការ ផលិតផលអាមេរិក និងរួមទាំងការស្រែកហ៊ោចំអកក្នុងព្រឹត្តិការណ៍កីឡា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជា លោក ត្រាំ បានសន្យាថានឹងដាក់ពន្ធលើប្រទេសកាណាដានិងម៉ិកស៊ិកមុនពេល ចូលកាន់តំណែងមកម៉្លេះក៏ដោយ ក៏ការប្រកាសនេះនៅតែធ្វើឱ្យប្រជាជនកាណាដាជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អភិបាលក្រុង Windsor លោក Drew Dilkens បានលើកឡើងថា «វាមានអារម្មណ៍ ដូចជាការរៀបចំរចនាសម្ព័ន្ធពិភពលោកឡើងវិញ» ដែលពិបាកនឹងទទួលយកបាន។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសដំឡើងពន្ធសងសឹកលើទំនិញអាមេរិក។ លោកក៏បានជំរុញ ឱ្យជនជាតិកាណាដា គាំទ្រផលិតផលក្នុងស្រុក និងជ្រើសរើសយកគោលដៅទេសចរណ៍ ក្នុងប្រទេសសម្រាប់វិស្សមកាលរបស់ពួកគេ។ ការអំពាវនាវនេះត្រូវបានគាំទ្រ ដោយមន្ត្រីមូលដ្ឋានជាច្រើន។
លោក Ken Lima-Coelho មកពីទីក្រុង Calgary បានឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់កំពុងផ្តោតលើ ការទិញផលិតផលកាណាដានិងម៉ិកស៊ិក។ លោក Mike Davies មកពី British Columbia បានលុបចោលគម្រោងទៅលេងសហរដ្ឋអាមេរិក និងបានបង្កើតក្រុម Facebook មួយជំរុញឱ្យមានការធ្វើពហិការទំនិញអាមេរិក។
គួរបញ្ជាក់ថា ការណ៍នេះបង្ហាញពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ទៅលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន៕