(បរទេស)៖ កូរ៉េខាងត្បូងបានធ្វើការស៊ើបអង្កើតនៅកម្មវិធី Telegram និងបានចោទប្រកាន់ថា កម្មវិធីមួយនេះបានក្លាយជាទីជម្រកនៃការចែកចាយ រូបភាពអាសអាភាសក្លែងក្លាយ និងឧក្រិដ្ឋកម្មផ្លូវភេទតាមឌីជីថល ដោយបានស៊ើបអង្កេតនេះត្រូវបានធ្វើឡើងក្រោយពេលលោក Pavel Durov ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង ក្រោយបទចោទប្រកាន់ជាច្រើន។
ក្រោយពីមានសេចក្ដីរាយការណ៍ពីការចែកចាយរូបភាពអាសអាភាសក្លែងក្លាយ និងឧក្រិដ្ឋកម្មផ្លូវភេទតាមឌីជីថលចំនួនជិត ១០០ករណី ប៉ូលីសកូរ៉េខាងត្បូងបានផ្តើមការស៊ើបអង្កេតនៅដើមខែកញ្ញា ឆ្នាំ ២០២៤ ដោយផ្តោតលើ Telegram។ គិតមកដល់ពេលនេះ របាយការណ៍នៃការស៊ើបអង្កេតមិនទាន់ត្រូវបានទម្លាយឱ្យដឹងខ្លះៗនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មាន The Straits Times នៅចុងខែមករានេះ បានឱ្យដឹងថា ប៉ូលីសកូរ៉េខាងត្បូងបានពង្រីកដែនស៊ើបអង្កេត បន្ទាប់ពីបានរកឃើញថាមានជនរងគ្រោះចំនួន២៣៤នាក់ ក្នុងនោះមានអនីតិជនចំនួន ១៥៩នាក់ ដែលរងគ្រោះក្នុងករណីខាងលើ នារយៈពេល ៤ឆ្នាំចុងក្រោយ។
អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មានមនុស្ស ១៤នាក់ត្រូវបានចាប់ខ្លួន រួមទាំងមេក្លោងម្នាក់អាយុ ៣៣ឆ្នាំផងដែរ។ ក្រុមមនុស្សទាំងនេះបានប្រព្រឹត្តបទល្មើសនៅលើបណ្ដាញ Telegram នៅក្នុងខែឧសភា ឆ្នាំ ២០២០ និងមានមនុស្ស ៧៣នាក់ផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងករណីនេះ ខណៈមនុស្ស ៤០នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត។
ក្រុមនេះបានប្រើប្រាស់បច្ចេកវិទ្យាក្លែងបន្លំ Deepfake ដើម្បីបង្កើតវេទិការូបភាពអាសអាភាសក្លែងក្លាយ ដែលពាក់ព័ន្ធនឹងជនរងគ្រោះទាំងបុរស និងស្ត្រី។ ក្នុងចំណោមជនរងគ្រោះ២៣៤នាក់ មាន១៥៩នាក់ជាក្មេងជំទង់។ អនីតិជនចំនួន១០នាក់ត្រូវបានចាប់រំលោភ ថតវីដេអូ និងទទួលរងការរំលោភបំពានបន្ថែមទៀតដោយមេខ្លោង។
ក្រុមជនល្មើសបានប្រើវិធីសាស្ត្រផ្សេងៗដើម្បីព្យាយាមទៅជិតជនរងគ្រោះ បន្ទាប់មកពួកគេក៏ចាប់ផ្ដើមប្រមូលព័ត៌មានផ្សេងៗតាមលទ្ធភាពដែលអាចធ្វើទៅបាន បន្ទាប់មកក៏ចាប់ផ្ដើមធ្វើសកម្មភាព។ ជនរងគ្រោះដែលធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ពួកគេគឺមិនងាយរួចខ្លួនឡើយ ហើយពួកនេះបានគំរាមដោះដូរជាថ្នូរនឹងអ្វីដែលពួកគេចង់បាន។
បើយោងតាមរបាយការណ៍មួយចំនួនទៀតបានបង្ហាញថា ក្រុមមនុស្សទាំងនេះបានប្រព្រឹត្តអំពើអមនុស្សធម៌ និងទង្វើដ៏គួរឱ្យថោកទាបជាច្រើនទៀតដូចជា ការបាញ់ឧស្ម័ន ការបង្ខិតបង្ខំ និងការគំរាមកំហែងនៃការកេងប្រវ័ញ្ចគ្រប់រូបភាព។
សរុបមក ការស៊ើបអង្កេតរបស់កូរ៉េខាងត្បូងលើ Telegram ឆ្លុះបញ្ចាំងពីកង្វល់សង្គមកាន់តែទូលំទូលាយទាក់ទងនឹងឧក្រិដ្ឋកម្មផ្លូវភេទ តាមប្រព័ន្ធឌីជីថល និងបញ្ហាប្រឈមដែលបង្កឡើងដោយ Telegram ដែលអ្នកប្រើប្រាស់គួរតែពិចារណ៍ក្នុងការកចាកចេញពីកម្មវិធី ដែលជាជម្រកឧក្រិដ្ឋកម្មផ្លូវភេទ តាមឌីជីថលដ៏ធំ និងខ្មៅងងឹត ងាកមកប្រើប្រាស់កម្មវិធី kakaotalk របស់ប្រទេសខ្លួនវិញ៕