(ស៉ីដនី)៖ ទឹកជំនន់បានហក់ឡើងយ៉ាងឆាប់រហ័ស នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ នៅភាគឦសានប្រទេសអូស្ត្រាលី បន្ទាប់ពីបង្ខំឱ្យមនុស្សជាច្រើនភៀសខ្លួន បន្សល់ទុកតែផ្ទះសម្បែង និងកាត់ផ្តាច់ស្ពានដ៏សំខាន់មួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
អាជ្ញាធរនិយាយថា ខ្យល់ព្យុះនាំមកនូវកម្រិតទឹកភ្លៀងជាងមួយម៉ែត្រ ក្នុងរយៈពេលពីរថ្ងៃ នៅផ្នែកខ្លះនៃរដ្ឋ Queensland ដោយបានលេបត្របាក់ផ្ទះ អាជីវកម្ម និងផ្លូវថ្នល់។ អភិបាលរដ្ឋ លោក David Crisafulli បានឱ្យដឹងថាពេញមួយយប់ សេវាសង្គ្រោះបន្ទាន់បានអនុវត្ត ការងារជួយសង្គ្រោះ នៅទីតាំងជន់លិចភ្លាមៗចំនួន ១១កន្លែង។
លោកបានព្រមានថា «យើងនឹងឃើញមានភ្លៀងធ្លាក់ និងព្យុះរាលដាលពាសពេញភាគខាងជើងរដ្ឋ Queensland។យើងនៅតែត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ និងលទ្ធភាពនៃការជន់លិច ទាំងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ»។ ទីភ្នាក់ងារឧតុនិយមជាតិ ប្រកាសថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យករថានឹង កើតមានបន្តទៀតក្នុងរយៈពេល ២៤ម៉ោងទៅមុខ ដោយផ្នែកខ្លះមានកម្រិតដល់ទៅ ៣០០មីលីម៉ែត្រ មុនពេលថមថយឥទ្ធិពល។
បើតាមក្រុមមន្រ្តី មនុស្សចំនួន ២ ១០០នាក់ ក្នុងទីក្រុងត្រូវបានជម្លៀស កាលពីចុងសប្តាហ៍មុន ទោះបីនៅសល់ប្រហែល ១០ភាគរយទៀត បដិសេធចាកចេញក៏ដោយ។ ក្រុមហ៊ុនថាមពល Ergon បានឱ្យដឹងថា អចលនទ្រព្យប្រហែល ១១ ០០០កន្លែង នៅតែគ្មានអគ្គិសនីប្រើប្រាស់ ទូទាំងភាគខាងជើងរដ្ឋ Queensland ដោយមិនដឹងថា ពេលណាអាច ស្តារឡើងវិញបាននោះទេ៕