Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាមេដឹកនាំ EU កោះប្រជុំស្តីពីវិស័យការពារជាតិ និងរកវិធីដោះស្រាយជាមួយ លោក ត្រាំ (Video inside)

03-02-2025 15:47

(ព្រុចសែល)៖ នាថ្ងៃចន្ទ ទី៣​ ខែកុម្ភៈនេះ មេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានជួបពិភាក្សាគ្នា រកវិធីសាស្រ្តពង្រឹងការការពារនៅទ្វីបអឺរ៉ុប ប្រឆាំងនឹងរុស្ស៉ី ក៏ដូចជាស្វែងរករបៀបដោះស្រាយ ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្រោយការប្រកាសយកពន្ធលើទំនិញ នាំចូលពីកាណាដា ម៉ិកស៉ិក និងចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

នៅឯមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុងព្រុចសែល មេដឹកនាំនៃប្រទេសទាំង ២៧របស់ប្លុក EU ក៏នឹងទទួលទានអាហារថ្ងៃត្រង់ ជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte និងជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ផងដែរ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ចាត់ទុកសម័យប្រជុំថ្ងៃនេះថា គ្រាន់តែជាជំនួបមួយ ដើម្បីដាក់ចេញនូវគោលនយោបាយការពារជាតិ ហើយគ្មានសេចក្តីប្រកាស ឬសម្រេចចិត្តផ្លូវការណាមួយឡើយ។ សម័យប្រជុំដំបូងផ្តោតលើភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មានន័យថា ចំណាត់ការដាក់ពន្ធគយដ៏ច្រើនរបស់ លោក ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅ គឺជារឿងដែលត្រូវគិតគូរ ពិសេសគឺដោយសារតែមន្ត្រីសហភាពអឺរ៉ុប បារម្ភថាពួកគេអាចប្រឈមមុខនឹងវិធានការស្រដៀងគ្នានេះ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា បន្ទាប់ពីការឡើងកាន់តំណែងរបស់ លោក ត្រាំ ប្រធានបទស្តីពីវិស័យការពារជាតិ ក៏បានក្លាយជាកត្តាសំខាន់ ក្នុងកិច្ចពិភាក្សាផងដែរ ខណៈដែលលោកបានទាមទារឱ្យបណ្តាប្រទេសនៅអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិពួកគេ ហើយពឹងផ្អែកតិចលើសហរដ្ឋអាមេរិក តាមរយៈអង្គការណាតូ។ គេរំពឹងថា បណ្តាមេដឹកនាំ EU នឹងពិភាក្សាអំពីតម្រូវការ សមត្ថភាពយោធា សម្រាប់ពេលប៉ុន្មានឆ្នាំខាងមុខ ដូចជារបៀបទទួលបានមូលនិធិ និងកិច្ចសហការបន្ថែមដោយគម្រោងរួមគ្នា៕