(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រជាជនអាមេរិកផ្ទាល់ ប្រហែលជាអាចទទួលរង ផលប៉ះពាល់អវិជ្ជមានផ្នែកសេដ្ឋកិច្ច ដោយសារតែវិធានការយកពន្ធរបស់លោក ដែលបានដាក់ទៅលើ​ដៃគូពាណិជ្ជកម្មធំៗ ប៉ុន្តែលោកបានអះអាងថា តម្លៃនៃការលះបង់នេះ គឺនឹងសក្តិសម ដើម្បីធានានិងការពារ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិចំនួន៣ ស្តីពីការយកពន្ធ២៥ភាគរយ លើ​ប្រទេសជិតខាងទាំងពីររបស់អាមេរិក គឺម៉ិកស៉ិកនិងកាណាដា បើទោះបីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាក៏ដោយ ព្រមទាំងយកពន្ធបន្ថែម១០ភាគរយទៀត ប្រឆាំងលើប្រទេសចិន។

ការសម្រេចចិត្តរបស់លោក ត្រាំ បានញ៉ាំងឱ្យប្រទេសទាំង៣ ចេញមុខប្តេជ្ញាភ្លាមៗថា នឹងចាត់វិធានការសងសឹកតបតវិញ ខណៈ​ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានព្រមានថា សង្រ្គាមពាណិជ្ជកម្ម ដែលកើតចេញពីរឿងនេះ មុខជានឹងធ្វើឱ្យអន់ថយកំណើនសេដ្ឋកិច្ច​របស់អាមេរិកផ្ទាល់ និងរបស់ពិភពលោកទាំងមូល ហើយបង្កើនតម្លៃទំនិញផ្សេងៗ យ៉ាងហោចក្នុងរយៈពេលខ្លី។

ពាក់ព័ន្ធបញ្ហាខាងលើ លោក ដូណាល់ ត្រាំ បានបង្ហោះសារលើប្រព័ន្ធ Truth Social យ៉ាងដូច្នេះថា «តើអាចមានផលប៉ះពាល់ខ្លះ ដែរឬទេ? ពិតណាស់ វាអាច (ហើយក៏ប្រហែល មិនអាចដែរ)។ ប៉ុន្តែយើងនឹងធ្វើឱ្យអាមេរិកមានភាពអស្ចារ្យម្តងទៀត ហើយនៅទីបំផុត វានឹង​សក្តិសមសម្រាប់តម្លៃដែលចាំបាច់ត្រូវលះបង់»

គួរបញ្ជាក់ថា លោក ត្រាំ បានលើកយកបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ លំហូរថ្នាំញៀនដ៏គ្រោះថ្នាក់ fentanyl និងឱភាពពាណិជ្ជកម្ម ធ្វើជាហេតុផល នៅពីក្រោយការសម្រេចប្រកាសយកពន្ធ ប្រឆាំងប្រទេសកាណាដា ម៉ិកស៉ិក និងចិន បែបនេះ៕