(មូស្គូ)៖ មន្ត្រីទូតរុស្ស៊ីប្រចាំនៅហ្វីលីពីន បានថ្លែងឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី កំពុងតែទន្ទឹងរង់ចាំ ការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ ទៅកាន់ទីក្រុងមូស្គូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចយ៉ាងជោគជ័យនៅប្រទេសចិនរួចមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ GMA News TV អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងទីក្រុងម៉ានីល លោក Igor Khovaev បានលើកឡើងថា ទីក្រុងម៉ានីលគួរតែផ្តល់មកឲ្យយើងនូវបញ្ជីរៀបរាប់ពីអ្វីដែលខ្លួនចង់ឲ្យ ទីក្រុងមូស្គូជួយដោយបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «សូមបង្កើតបញ្ជីអំពីបំណងរបស់អ្នកមក និងធ្វើការរៀបរាប់ថាតើការផ្តល់ជំនួយរបៀបណា ដែលហ្វីលីពីនរំពឹងថានឹងទទួលបានពីប្រទេសរុស្ស៊ី ហើយយើងនឹងត្រៀមខ្លួនជានិច្ចក្នុងការជួបពិភាក្សាជាមួយអ្នក អំពីអ្វីដែលអាចនិងគួរតែត្រូវសម្រេចបាន»។
ជាមួយគ្នានេះដែរ លោក Khovaev បានបញ្ជាក់ដែរថារុស្ស៊ីកំពុងតែរៀបចំប្រទេស ដើម្បីទទួលការធ្វើទស្សនកិច្ចរបស់លោក ឌូធើតេ មកកាន់ទីក្រុងមូស្គូប៉ុន្តែមិនបានរៀបរាប់លម្អិតនោះឡើយ។
ជាចុងក្រោយអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានឲ្យលើកឡើងថែមទៀតថា វាគឺជាពេលវេលាសមស្របបំផុត សម្រាប់ផ្តល់ឱកាសឲ្យរុស្ស៊ីនិងហ្វីលីពីនស្គាល់គ្នាកាន់តែច្បាស់បន្ថែមទៀតនិងធ្វើការរឹតបន្តឹងបន្ថែម នូវចំណងការទូតរវាងប្រទេសទាំងពីរ ហើយប្រទេសរុស្ស៊ីបានបើកចិត្តយ៉ាងទូលំទូលាយដើម្បីធ្វើ កិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វីលីពីន៕