(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានបំផ្ទុះបំផ្លាញអគារជាច្រើននៅក្នុងតំបន់ជំរំជនភៀសខ្លួននៃទីក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ នៅក្នុងប្រតិបត្តិការមួយដែលប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន រាយការណ៍ថាមានអគារប្រហែល២០ ត្រូវបានបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វីដេអូមួយដែលបានថតជាប់សកម្មភាពបំផ្ទុះបំផ្លាញបានបង្ហាញពីការផ្ទុះផ្ទួនៗគ្នានៅក្នុងទីក្រុង Jenin ដោយផ្សែងខ្មួលខ្មាញ់អណ្តែតលើទីក្រុងមួយនេះជាទីដែលកងកម្លាំងអ៉ីស្រាអែលបានដឹកនាំប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ អស់រយៈពេលជិត២សប្ដាហ៍មកនេះ ក្នុងគោលបំណងកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងបំផ្លាញឃ្លាំងអាវុធរបស់ពួកគេ។ ជុំវិញការបំផ្ទុះបំផ្លាញអគារខាងលើដែរ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុង សេចក្ដីថ្លែងការណ៍មួយបានជំរុញឱ្យអង្គការសហប្រជាជាតិបិទបញ្ចប់ប្រតិបត្តិការរបស់អ៉ីស្រាអែល និងបានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់មួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៉ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានអះអាងថាមានហេដ្ឋារចនាសម្ព័ន្ធ ២៣ទីតាំងត្រូវបានបំផ្ទុះបំផ្លាញចោល នៅភាគខាងជើងនៃតំបន់ West Bank បន្ទាប់ពីមន្ទីរពិសោធន៍គ្រឿងផ្ទុះ អាវុធ និងប៉ុស្តិ៍អង្កេតការណ៍ជាច្រើនត្រូវបានរក ឃើញនៅទីនោះ៕