(តៃប៉ិ)៖ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានទុកពេលឱ្យតៃវ៉ាន់នៅត្រឹមចុងខែមីនាខាងមុខ ដើម្បីរើការិយាល័យតំណាងរបស់ខ្លួនចេញពីរដ្ឋធានី Pretoria។ នេះបើតាមក្រសួងការបរទេសតៃវ៉ាន់ ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាហ្វិ្រកខាងត្បូង បានផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ក្នុងឆ្នាំ១៩៩៧ ហើយរក្សាទំនាក់ទំនងផ្លូវការ និងជិតស្និទ្ធជាមួយចិន ដែលចាត់ទុកថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍ មួយ កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់ថារដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានបញ្ជូនលិខិតមួយកាលពីចុងខែមករា ដោយទាមទារឱ្យការិយាល័យតំណាងតៃវ៉ាន់រើចេញពីរដ្ឋ Pretoria ឱ្យបានមុនដំណាច់ខែមីនា ហើយក៏ត្រូវប្ដូរឈ្មោះថ្មីទៅជាការិយាល័យពាណិជ្ជកម្មទៀតផង។ សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថាការទាមទាររបស់អាហ្វ្រិកខាងត្បូងបានបង្ហាញថាការដាក់សម្ពាធរបស់ចិនប្រឆាំងនឹង តែវ៉ាន់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាន់តែមានសភាពធ្ងន់ធ្ងរ។ តែទោះជាបែបនេះក្ដី តៃប៉ិអះអាងថាកិច្ចចរចារវាងតៃវ៉ាន់ និងអាហ្វ្រិកខាងត្បូងកំពុងបន្តធ្វើឡើង។
គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិន ក៏ធ្លាប់បានទាមទារឱ្យការិយាល័យតំណាងតៃវ៉ាន់រើចេញពីរដ្ឋធានី Pretoria ផងដែរកាលពីឆ្នាំ២០២៤។ មកទល់នឹងពេលនេះ តៃវ៉ាន់មាន ទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចំនួន១២ប៉ុណ្ណោះ ហើយក្នុងតំបន់អាហ្វ្រិក តៃវ៉ាន់នៅសស់សម្ព័ន្ធមិត្តតែមួយគត់ គឺប្រទេស Eswatini៕