(ដូហា)៖ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani នៅថ្ងៃអាទិត្យនេះបានអំពាវនាវឱ្យអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ចាប់ផ្តើមជាបន្ទាន់នូវការចរចាដំណាក់កាលទី២ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ លោកបានបញ្ជាក់ថា មិនទាន់មានផែនការច្បាស់លាស់ សម្រាប់ការចរចានេះនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី ក្នុងរដ្ឋធានីដូហា លោក Al Thani បានថ្លែងថា «យើងទាមទារឱ្យក្រុមហាម៉ាស់និងអ៊ីស្រាអែល ចូលរួមភ្លាមៗ ដូច មានចែងក្នុងកិច្ចព្រមព្រៀង»។
យោងតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ការចរចាលើការអនុវត្តដំណាក់កាលទីពីរ គួរតែ ចាប់ផ្តើមមុនថ្ងៃទី១៦ នៃបទឈប់បាញ់ដំណាក់កាលទី ១ ដែលត្រូវនឹងថ្ងៃចន្ទ។
គួរបញ្ជាក់ថា កាលពីខែមុន អ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងស្មុគស្មាញមួយ មានបីដំណាក់កាលដែលបានបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង១៨នាក់ ជាថ្នូរនឹងការដោះលែងជនជាតិ ប៉ាឡេស្ទីនរាប់រយនាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ នៅមានចំណាប់ខ្មាំងជាង ៧០នាក់ទៀតត្រូវបានឃុំខ្លួននៅហ្គាហ្សា។
ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងត្រូវបានគេរំពឹងថា នឹរួមមានការដោះលែងចំណាប់ខ្មាំង ដែលនៅសល់ទាំងអស់ ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ និង ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ឡោមព័ទ្ធ។
លោក Al Thani បញ្ជាក់ ថា អ្នកសម្រុះសម្រួលកំពុងទាក់ទងជាមួយទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ហើយកាតាបានកំណត់របៀបវារៈសម្រាប់ដំណាក់កាលបន្ទាប់រួចហើយ។ «យើងសង្ឃឹមថា យើងចាប់ផ្តើមឃើញចលនាមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខ» លោកបាន បន្ថែម៕