Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអន្តរកាលស៊ីរី ជួបរាជទាយាទអារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង (Video inside)

02-02-2025 21:18

(រីយ៉ាដ)៖ ប្រធានាធិបតីអន្តរកាលស៊ីរីលោក Ahmed al-Sharaa បានជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman នៅរាជធានី Riyadh កាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

វីដេអូផ្សាយបន្តផ្ទាល់តាមទូរទស្សន៍បានបង្ហាញថា លោក Sharaa ចាប់ដៃជាមួយនឹងព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងរាជធានីអារ៉ាប៊ីសាអូឌីត មុននឹងអង្គុយពិភាក្សាគ្នា។

រាជទាយាទអារ៉ាប៊ីសាអូឌីត គឺជាមេដឹកនាំឈូងសមុទ្រទីពីរ ដែលបានជួបជាមួយលោក Sharaa ចាប់តាំងពីលោក ត្រូវបានប្រកាសជាប្រធានាធិបតីបណ្តុះអាសន្ន សម្រាប់ដំណាក់កាលអន្តរកាល កាលពីសប្តាហ៍មុន។ កាលពីថ្ងៃព្រហស្បតិ៍ស្តេច Emir របស់កាតា បានធ្វើទស្សនកិច្ចនៅទីក្រុងដាម៉ាស់ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋ ទៅកាន់ស៊ីរីក្រោយការបណ្តេញលោក Assad កាលពី ខែធ្នូ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Sharaa ទៅកាន់អារ៉ាប៊ីសាអូឌីតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលស៊ីរី ក្នុងការស្វែងរកការទទួលស្គាល់ និងការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ។ លោកត្រូវបានអមដំណើរ ដោយរដ្ឋមន្ត្រីការបរទេសលោក Asaad Hassan al-Shibani ផងដែរ៕