(ប៉េកាំង)៖ ថ្ងៃទី ២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នៅវេលលាម៉ោងប្រហែល៨ យប់ថ្ងៃទី ១ ខែកុម្ភៈ សេតវិមានអាមេរិកបានប្រកាសសន្លឹកការពិត ប្រកាសដំឡើងពន្ធគយ ១០% លើផលិតផលចិនដែលនាំចេញទៅកាន់ សហរដ្ឋអាមេរិកដោយយកបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតជាលេស។ ភាគីចិនសម្តែងមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់ខាត ចំពោះករណីនេះ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ការដែលអាមេរិកដំឡើងពន្ធគយដោយឯកតោភាគី បានបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ នៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនអំណោយផលដល់ ការដោះស្រាយបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កជាការបំផ្លាញដល់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាប្រក្រតីរវាងចិននិងអាមេរិកទៀតផង។ ទាក់ទិននឹងទង្វើខុសឆ្គងរបស់ភាគីអាមេរិក ចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហើយនិងចាត់វិធានការតបតទៅវិញ ដើម្បីគាំពារយ៉ាងមុតមាំ នូវសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។

អ្នកនាំពាក្យរូបនេះបន្តទៀតថា ភាគីចិនរំពឹងថាភាគីអាមេរិកអាចមើលនិងដោះស្រាយបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតរបស់ខ្លួនដោយសត្យានុម័ត និងវិចារណញ្ញាណ តែមិនមែនចេះតែគំរាមកំហែងប្រទេសដទៃ ដោយមធ្យបាយពន្ធគយនោះទេ។ ភាគីចិនដាស់តឿនអាមេរិកកែទង្វើខុសឆ្គងភា្លមៗ ដើរស្របតាមទិសដៅតែមួយជាមួយភាគីចិន ប្រឈមមុខនឹងបញ្ហានិងធ្វើកិច្ចសន្ទនាដោយស្មោះត្រង់ ដោយឈរលើមូលដ្ឋាននៃសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នា និងគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិត៕

វិទ្យុមិត្តភាពកម្ពុជាចិន