(ប៉េកាំង)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាពិធីបុណ្យប្រពៃណីដ៏ចំណាស់និងសំខាន់បំផុតរបស់ប្រទេសចិន។ កាលពីចុងឆ្នាំ ២០២៣ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ។ នៅចុងឆ្នាំ ២០២៤ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្យជាតិ ។ នេះមានន័យថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់ពិភពលោកទាំងមូល ហើយធាតុបេតិកភណ្ឌវប្បធម៌អរូបី ត្រូវបានបង្ហាញយ៉ាងពេញលេញ ក្នុងសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ។
ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសនិងស្ថាប័នអន្តរជាតិជាច្រើន បាននាំគ្នារៀបចំធ្វើសកម្មភាពមួយចំនួន ដូចជាពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងសិល្បៈនិងការដកបទពិសោធន៍ ដែលធ្វើឱ្យប្រជាជននៃតំបន់នានាលើ ពិភពលោកបានរួមគ្នាទទួលអារម្មណ៍ពីបរិយាកាស នៃបុណ្យចូលឆ្នាំថ្មីចិនដែលប្រកបដោយ ភាពសប្បាយរីករាយនិងសិរីមង្គល ។ មិនត្រឹមតែប៉ុណ្ណោះទេ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏បានក្លាយជា សញ្ញាវប្បធម៌នៃប្រជាជាតិចិនដែលទទួលបាន ការទទួលស្គាល់និងកោតសរសើរ ជាទូទៅពីសំណាក់ពិភពលោក ។ បច្ចុប្បន្ននេះ ប្រទេសចំនួនជិត ២០ នៅជុំវិញពិភពលោក បានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ។
ព្រមពេលជាមួយគ្នានេះ ឆ្លងតាមរយៈបង្អួចនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពិភពលោកបានមើលឃើញប្រទេសចិន ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។ ចំណុចនេះ ត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ។ កម្មវិធីរាត្រីសមោសរឆ្នាំនេះ សុទ្ធតែបានបង្កើតកំណត់ត្រាថ្មី ទាំងចំនួនមើលការផ្សាយផ្ទាល់និងបរិមាណ បញ្ចេញមតិលើវេទិកាប្រព័ន្ធសារព័ត៌មានថ្មីៗក្នុងស្រុក ។
តាមស្ថិតិជាជំហានដំបូង ឱ្យដឹងថា ចំនួនចូលមើលការផ្សាយផ្ទាល់លើប្រព័ន្ធសារព័ត៌មានថ្មីៗដល់ទៅ២៨១៧ លានលើក ដែលបានកើនឡើង ៦៩០ លានលើកបើធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៤ដែលមានចំនួន២១២៧លាន លើក ។ ការអាននៃប្រធានបទពាក់ព័ន្ធ នឹងកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៥» លើបណ្តាញទំនាក់ទំនងសង្គម មានចំនួនដល់ទៅ ១៦,៦ ប៊ីលានលើក ដែលបានកើនឡើង ៥៥០ លានលើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការបញ្ចេញមតិអំពី កម្មវិធីរាត្រីសមោសរលើ បណ្តាញទំនាក់ទំនងសង្គមមាន ចំនួនដល់ទៅ ៦៧០ លានលើក បានកើនឡើង ១៣,៧៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
សូចនាករជាច្រើននៃការផ្សាយនៅបរទេសបានបង្កើតកំណត់ត្រាថ្មី ។ ប៉ុស្តិ៍ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី នៃបណ្តាញទូរទស្សន៍ CGTN និងប្រព័ន្ធសារព័ត៌មានចំនួនជាង ២៩០០ នៃវេទិកាប្រព័ន្ធសារព័ត៌មាន ៨២ ភាសាបានផ្សាយផ្ទាល់ និងផ្សាយដំណឹងក្នុងពេលដំណាលគ្នា អំពីកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» ការចូលទស្សនាទំព័រលើទូទាំងពិភពលោក មានចំនួនលើសពី ១៥៩០ លានលើក ការទស្សនាវីដេអូពាក់ព័ន្ធនៅឯក្រៅប្រទេស មានចំនួន ៥២០ លានលើក ។ អេក្រង់ធំៗនៅតាម ទីសាធារណៈសរុប ៣៥០៨ ផ្ទាំងក្នុងទីក្រុងចំនួន ១៣៦ នៃប្រទេសចំនួន ៨៧ នៅទូទាំងពិភពលោកបានផ្សព្វផ្សាយ ឬផ្សាយផ្ទាល់កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៥ »នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
អ្នកសង្កេតការណ៍បានលើកឡើងថា នៅក្នុងវប្បធម៌ប្រជាជាតិចិន គុណតម្លៃស្តីពី"ការចាត់ទុកសន្តិភាពជាអាទិភាព និងស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា "ព្រមទាំងទស្សនៈវប្បធម៌ស្តីពី" ការចែករំលែកនិងរៀនសូត្រពីគ្នា ទៅវិញទៅមក នូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានា និងប្រទេសនានា "ទទួលបានការទទួលស្គាល់ ពីសំណាក់ប្រជាជន នៅជុំវិញពិភពលោក។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបន្តវេន និងផ្សព្វផ្សាយទស្សនៈវប្បធម៌ប្រទេសចិន ស្តីពីសន្តិភាព ភាពសុខដុមរមនា និងភាពចុះសម្រុងគ្នា។ ឆ្លងតាមរយៈ ការដកបទពិសោធន៍យ៉ាងស៊ីជម្រៅ ពីសកម្មភាពអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ប្រជាជននៅជុំវិញពិភពលោក អាចឈ្វេងយល់ពីប្រទេសចិន ថែមមួយកម្រិតទៀត ហើយចាប់អារម្មណ៍ថា វប្បធម៌ប្រជាជាតិចិន គឺបើកចំហនិងមានភាពបរិយាបន្ន ហើយក៏ប្រកបដោយការច្នៃប្រឌិតថ្មីផងដែរ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានន័យថា ជាការចាប់ផ្តើមនៃរដូវផ្ការីកដែលពោរពេញទៅដោយ ការរំពឹងទុករបស់ប្រជាជនចំពោះ ការងើបឡើងវិញនិងគ្រប់យ៉ាងផ្លាស់ប្តូរថ្មី។ ពិភពលោក ទទួលយក "បុណ្យចូលឆ្នាំថ្មីចិន" ហើយប្រទេសចិនក៏បានបញ្ជូន ភាពសប្បាយរីករាយនិងសិរីមង្គល នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ពិភពលោកផងដែរ ។ មិនថាពួកយើង នៅទីណា មិនថាមានពណ៌សម្បុរឬពូជសាសន៍អ្វីក៏ដោយ អ្នកផងទាំងឡាយជួបជុំគ្នាដោយសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យនេះ ហើយទទួលអារម្មណ៍ពី "ការចែករំលែកនិងរៀនសូត្រ ពីគ្នាទៅវិញទៅមក នូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានា និងប្រទេសនានា" ។នេះគឺជាភាពទាក់ទាញ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វាគឺគ្មានកំណត់ជាតិសាសន៍ ពិធីបុណ្យនេះបានក្លាយជាកម្លាំងដ៏សំខាន់ សម្រាប់ជំរុញពិភពលោកឱ្យឈានទៅរកភាពល្អប្រសើរ៕
វិទ្យុមិត្តភាពកម្ពុជាចិន