Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត បើសម្រេចបានបទឈប់បាញ់ជាមួយរុស្ស៉ី (Video inside)

02-02-2025 13:07

(វ៉ាស៉ីនតោន)៖ មន្រ្តីកំពូលទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក ចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត នៅក្នុងឆ្នាំនេះ ជាពិសេសប្រសិនបើ ទីក្រុងកៀវអាចយល់ស្រប ​ចំពោះបទឈប់បាញ់មួយជាមួយរុស្ស៉ី ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Keith Kellogg ប្រេសិតពិសេសរបស់លោក ត្រាំ ដែលទទួលបន្ទុកបញ្ហាអ៊ុយក្រែននិងរុស្ស៉ី បាននិយាយថា ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី និងសមាជិកសភាអ៊ុយក្រែន ដែលត្រូវបានផ្អាកអំឡុងសង្រ្គាមជាមួយរុស្ស៉ី ចាំបាច់ត្រូវតែរៀបចំឡើងវិញ។ លោក Kellogg បាននិយាយដូច្នេះថា «ប្រទេសប្រជាធិបតេយ្យភាគច្រើន ធ្លាប់រៀបចំការបោះឆ្នោត អំឡុងពេលមានសង្រ្គាម។ ខ្ញុំយល់ថា វាគឺជារឿងសំខាន់ ដែលពួកគេត្រូវធ្វើបែបនោះ ហើយជារឿងល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ»

លោក ត្រាំ និងលោក Kellogg ធ្លាប់បាននិយាយថា អាមេរិកកំពុងធ្វើការលើផែនការមួយ ដើម្បីជួយសម្រុះសម្រួលឱ្យបាន កិច្ចព្រមព្រៀងក្នុងអំឡុងប៉ុន្មានខែដំបូង នៃរដ្ឋបាលអាមេរិកថ្មី ដើម្បីឆ្ពោះទៅរកទីបញ្ចប់សម្រាប់សង្រ្គាម ដែលបានផ្ទុះឡើង ដោយសារការឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាមិញ អ្នកទាំងពីរបានផ្តល់ព័ត៌មានលម្អិត តិចតួចប៉ុណ្ណោះ អំពីយុទ្ធសាស្រ្តដើម្បីបញ្ចប់ជម្លោះនេះ ហើយមិនបានប្រាប់ច្បាស់ថា នឹងប្រហែលបង្ហាញផែនការនោះ នៅពេលណាឡើយ។

ផែនការរបស់លោក ត្រាំ កំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលនៅឡើយ ហើយមិនទាន់មានការសម្រេចចិត្តគោលនយោបាយ​ណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែលោក Kellogg និងក្រុមមន្រ្តីសេតវិមានផ្សេងទៀត បានពិភាក្សាគ្នាប៉ុន្មានថ្ងៃមកនេះ ស្តីពីការព្យាយាមជំរុញឱ្យអ៊ុយក្រែន យល់ព្រមរៀបចំការបោះឆ្នោត ដើម្បីជាលក្ខខណ្ឌមួយ នៃបទឈប់បាញ់ដំណាក់កាលដំបូង ជាមួយរុស្ស៉ី។ ទោះជាបែបនេះក្តី វាមិនទាន់ច្បាស់នោះទេថា សំណើរបស់លោក ត្រាំ នឹងត្រូវទីក្រុងកៀវយល់ឃើញបែបណា។

គួរបញ្ជាក់ថា អាណត្តិកាន់អំណាចរយៈពេល៥ឆ្នាំ របស់លោក ហ្សេលេនស្គី ត្រូវផុតសុពលភាព កាលពីឆ្នាំ២០២៤ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតីនិងសភា មិនអាចរៀបចំទៅបានឡើយ នៅក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែន បានដាក់ចេញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ពេលសង្រ្គាមផ្ទុះឡើង។ ទីក្រុងវ៉ាស៉ីនតោន ក៏ធ្លាប់លើកឡើងអំពីបញ្ហាបោះឆ្នោត ជាមួយអ៊ុយក្រែន កាលពីឆ្នាំ២០២៣ និង២០២៤ ដែរ អំឡុងរដ្ឋបាលលោក ចូ បៃដិន ហើយបានសង្កត់ធ្ងន់ថា ការបោះឆ្នោតទាំងនេះ មានសារសំខាន់ ដើម្បីប្រកាន់ខ្ជាប់បទដ្ឋានអន្តរជាតិ និងបទដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ៕