(ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ទីក្រុងប៉េកាំងបានចេញមុខនិយាយថា ខ្លួនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះការយកពន្ធថ្មីប្រឆាំងលើប្រទេសចិន ដែលត្រូវបានដាក់ចេញដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបានប្តេជ្ញាថា ចិននឹងចេញវិធានការឆ្លើយតបទៅវិញ ដើម្បីការពារសិទ្ធិក៏ដូចជាផលប្រយោជន៍របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក ត្រាំ បានប្រកាសចេញបទបញ្ជាស្តីពីការយកពន្ធប្រឆាំងនឹង ដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក ដោយក្នុងនោះ ២៥ភាគរយលើទំនិញកាណាដានិងម៉ិកស៉ិក ព្រមទាំង១០ភាគរយបន្ថែម លើទំនិញចិន ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្រសួងពាណិជ្ជកម្មចិន បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៉ីនតោន និងបាននិយាយថា ទីក្រុងប៉េកាំង នឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ហើយចាត់វិធានការឆ្លើយតបសមស្របដទៃទៀត។
គួរបញ្ជាក់ថា មេដឹកនាំកាណាដានិងម៉ិកស៉ិក បានប្រកាសវិធានការតបត ប្រឆាំងសហរដ្ឋអាមេរិកវិញ ដោយរួមមានទាំងការយកពន្ធសងសឹក ប្រឆាំងលើទំនិញរបស់អាមេរិក និងវិធានការក្នុងទម្រង់ផ្សេងៗទៀត។ ស្ថានការណ៍វិវឌ្ឍន៍នេះ កំពុងបង្កហានិភ័យសង្រ្គាមពាណិជ្ជកម្ម ដែលក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច ព្រមានថា អាចនឹងធ្វើឱ្យអន់ថយ សន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយដុតបញ្ឆេះអតិផរណា សាជាថ្មី៕