ការវាយប្រហារតាមអាកាសរបស់រុស្ស៉ី លេីអ៊ុយក្រែន ផ្តាច់ជីវិតមនុស្ស ៤នាក់ (Video inside)
01-02-2025 20:17
(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៉ីបានបាញ់បង្ហោះយន្តហោះដ្រូន និងមីស៉ីលមកលើអ៊ុយក្រែន នាថ្ងៃសៅរ៍នេះ បណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់ និងបំផ្លាញអគារលំនៅដ្ឋានច្រេីនខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែកុុម្ភៈ ឆ្នាំ ២០២៥។
ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងថា មីស៉ីលរុស្ស៉ីវាយប្រហារត្រូវអគារលំនៅដ្ឋានមួយ នៅកណ្តាលទីក្រុង Poltava សម្លាប់មនុស្ស ៤នាក់ និងរបួស ១៣នាក់។ ក្រសួងបានភ្ជាប់មកជាមួយរូបភាព ដែលបង្ហាញពីអគារច្រេីនជាន់ត្រូវខ្ទេច ខណៈអ្នកពន្លត់អគ្គីភ័យ និងអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សតាមគំនរបាក់បែក។
អភិបាលក្រុង Kharkov និយាយថា មនុស្សម្នាក់បានស្លាប់ និង ៤នាក់របួសនៅភាគឦសានក្រុង ក្នុងការវាយប្រហារដោយដ្រូន។ មន្ត្រីក្នុងតំបន់និយាយថា ប៉ូលិស ៣នាក់ត្រូវបានសម្លាប់អំឡុងពេលនៃការវាយប្រហារនេះ ខណៈដែលពួកគេដើរល្បាតតាមដងផ្លូវ នៅក្នុងភូមិមួយនៃតំបន់ភាគឦសានទីក្រុង Sumy។
នៅឯទីក្រុង Poltava ដែលជាទីក្រុងតូចមួយនៅចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីព្រំដែនរុស្ស៉ី អគារផ្ទះល្វែងប្រហែល ១៨អគារ សាលាមត្តេយ្យមួយ និងហេដ្ឋារចនាសម្ព័ន្ធថាមពល បានរងការខូចខាត។ ការខូចខាតក៏ត្រូវបានកត់ត្រាផងដែរ នៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍តំបន់ Kharkiv តំបន់ Sumy នៅភាគឦសាន និងតំបន់ Khmelnytskyi នៅភាគខាងលិច។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា «រុស្ស៉ីបានវាយប្រហារទីក្រុងរបស់យើង ដោយប្រើអាវុធប្រភេទផ្សេងៗគ្នាដូចជា មីស៉ីល ដ្រូនយន្តហោះ និងគ្រាប់បែកពីលើអាកាស។ រាល់ការវាយប្រហារភេរវករបែបនេះបង្ហាញឱ្យឃើញថា យើងត្រូវការការគាំទ្របន្ថែមទៀត។ ប្រព័ន្ធការពារដែនអាកាស អាវុធប្រឆាំងមីស៉ីល អាចជួយសង្គ្រោះជីវិតមនុស្ស»។
ក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារសំដៅទៅលើឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងទៀតរបស់អ៊ុយក្រែន ហើយបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១០៨គ្រឿងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕