(ហ៊្សេរុយសាឡិម)៖ ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៣នាក់ទៀត នៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈនេះហើយអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត ២០០នាក់ក៏ត្រូវបានដោះលែងផងដែរ ក្រោមដំណាក់កាលទី១ នៃបទឈប់បាញ់សំដៅបញ្ចប់សង្រ្គាមរយៈពេល ១៥ខែ នៅតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ofer Kalderon សញ្ជាតិបារាំង-អ៉ីស្រាអែល និងលោក Yarden Bibas ត្រូវបានប្រគល់ទៅឱ្យមន្ត្រីកាកបាទក្រហម នៅទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា មុនពេលបញ្ជូនទៅអ៉ីស្រាអែល។ ចំណែកលោកKeith Siegel ជនជាតិអាមេរិកដើមកំណើតអ៉ីស្រាអែល ត្រូវបានប្រគល់ដោយឡែក នៅឯកំពង់ផែសមុទ្រនៃទីក្រុងហ្កាហ្សា (Gaza City)។
ប៉ុន្មានម៉ោងក្រោយមក អ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនក្រុមដំបូងចំនួន ១៨៣នាក់ ដែលត្រូវដោះលែងជាផ្នែកមួយនៃការដោះដូរគ្នានោះ បានទៅដល់ទីក្រុង Ramallah តំបន់ West Bank ហេីយទទួលបានការស្វាគមន៍ពីមនុស្សយ៉ាងច្រើនកុះករ។
ជាការកត់សម្គាល់ការដោះដូរគ្នានេះ មិនមានលក្ខណៈតឹងតែងដូចលេីកមុនទេ ដែលឆ្មាំក្រុមហាម៉ាស់ព្យាយាមការពារចំណាប់ខ្មាំងពីហ្វូងមនុស្សនៅហ្កាហ្សា។ ប៉ុន្តែគេក៏បានឃេីញយុទ្ធជនហាម៉ាសស្លៀកពាក់ឯកសណ្ឋាន ដេីរក្បួននៅទីតាំងប្រគល់ចំណាប់ខ្មាំង ទោះជាកន្លងមកមានសេចក្តីរាយការណ៍ពីការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមក៏ដោយ។
ការប្រគល់លេីកចុងក្រោយក្នុងដំណាក់កាលទី ១នៃបទឈប់បាញ់ នាំឱ្យចំណាប់ខ្មាំងដែលត្រូវបានដោះលែង មានចំនួនសរុប ១៨នាក់។ ក្រោយការដោះដូរថ្ងៃសៅរ៍នេះ អ៉ីស្រាអែលនឹងត្រូវដោះលែងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន ៥៨៣នាក់ទៀត រួមទាំងពួកសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសអស់មួយជីវិត ក៏ដូចជាមួយចំនួនដែលត្រូវចាប់ឃុំខ្លួន អំឡុងពេលមានសង្រ្គាម៕