(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាភ្នាក់ងារ FBI ដែលបានចូលរួមនៅក្នុងការស៊ើបអង្កេតលើបទចោទព្រហ្មទណ្ឌប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ នាពេល កន្លងមក អាចនឹងត្រូវបានបណ្ដេញចេញពីការងារ ក្រោមក្របខណ្ឌនៃការរុះរើមន្ត្រីនៅក្នុងស្ថាប័នប៉ូលិសអាមេរិកមួយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN បានរាយការណ៍កាលពីថ្ងៃសុក្រ ទី៣១ ខែមករាថាភ្នាក់ងារ FBI ជាច្រើននាក់ដែលបានចូលរួមក្នុងការស៊ើបអង្កេតប្រឆាំងលោក ត្រាំ និងអ្នកគាំទ្ររបស់លោក ត្រាំ ដែលបានសម្រុកចូលអុកឡុកវិមានសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រួមទាំងថ្នាក់ដឹកនាំមួយចំនួនរបស់ FBI កំពុងស្ថិតនៅក្រោមការវាយតម្លៃដើម្បីបណ្ដេញចេញពីការងារ។ រីឯ កាសែត Washington Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានឱ្យដឹងដែរថាក្រុមមន្ត្រីក្រោមរដ្ឋបាលលោក ត្រាំ បាន និងកំពុងកំណត់អត្តសញ្ញាណភ្នាក់ងារ FBI រាប់រយនាក់ ពាក់ព័ន្ធនឹង លទ្ធភាពដែលពួកគេអាចត្រូវបណ្ដេញចេញពីការងារ។

គួរបញ្ជាក់ថា បើតាម Washington Post នៅក្រោមយុទ្ធនាការរុះរើក្រុមមន្ត្រី FBI រដ្ឋអាជ្ញាសហព័ន្ធប្រហែល ៣០នាក់ ដែលកាន់សំណុំរឿងវាយប្រហារលើវិមានសភា និងដែលត្រូវបានដាក់ឱ្យស្ថិត ក្រោមការវាយតម្លៃ គឺត្រូវបានបណ្ដេញចេញហើយ ខណៈបើតាម CNN យ៉ាងហោចណាស់ថ្នាក់ដឹកនាំជាន់ខ្ពស់ FBI ៦រូបត្រូវបានបង្គាប់ឱ្យចូលនិវត្តន៍ ឬលាលែងចេញពីតំណែង បើពុំដូច្នោះទេ ពួកគេនឹងត្រូវបណ្ដេញចេញ៕