(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានចាប់ខ្លួនមនុស្សប្រហែល ១០០នាក់ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា នៅក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបលើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ មួយកន្លែង នៅក្នុងទីក្រុងម៉ានីល ដែលបានជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រតិបត្តិការឆ្មក់បង្រ្កាបខាងលើត្រូវបានធ្វើឡើងនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Makati នៃទីក្រុងម៉ានីល ក្រោមក្របខណ្ឌនៃការបង្រ្កាបប្រឆាំងពួកជនឆបោកតាមប្រព័ន្ធអនឡាញដែលបន្លំខ្លួននៅក្រោម ស្លាកក្រុមហ៊ុនផលិតហ្គេម។ អាជ្ញាធរហ្វីលីពីនបានចុះឡោមព័ទ្ធការិយាល័យ២កន្លែង និងបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់។ ជនសង្ស័យភាគច្រើនជាជនជាតិហ្វីលីពីន ដែលបានក្លាយជា ជនរងគ្រោះនៃអំពើឆបោក​តៗគ្នា តាមរយៈ Tiktok និងបណ្ដាញទំនាក់ទំនងសង្គមដៃទៀត ដោយពួកគេបានធ្លាក់ចូលអន្ទាក់ តាមរយៈការសន្យាផ្ដល់កម្ចីដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ក្នុងចំនួនទឹកប្រាក់ ៤២៨ដុល្លារ។

ប៉ុន្តែ ម្ចាស់កម្ចីបានទារការប្រាក់ប្រចាំសប្ដាហ៍ ៣៥ភាគរយ ហើយអ្នកដែលខកខានបង់ នឹងត្រូវរងការធ្វើបាប និងការគំរាមបង្ហោះព័ត៌មានផ្ទាល់ខ្លួននៅលើអនឡាញ ខណៈជនរងគ្រោះមួយចំនួន ដែលរងការធ្វើបាប មានបញ្ហាផ្លូវចិត្ត រហូតដល់មានអ្នកខ្លះសម្រេចចិត្តសម្លាប់ខ្លួនឯង។

គួរបញ្ជាក់ថា ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដ៏ធំ និងសកម្មមួយ នៅលើ ពិភពលោក៕