(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី៣១ ខែមករាថានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបរូបលោកនៅសេតវិមាន នាសប្ដាហ៍ក្រោយ ខណៈរូបលោកកំពុងទន្ទឹងរង់ចាំធ្វើកិច្ចសន្ទនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើ លោក Trump បានគូសបញ្ជាក់ដូច្នេះថា «ពួកគេនឹងមកដល់ដើម្បីសន្ទនាជាមួយខ្ញុំ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំ»។ កាសែតជប៉ុន Asahi កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានរាយការណ៍ថាជំនួបរវាងលោក Trump និងលោក Ishiba ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ហើយមេដឹកនាំនៃប្រទេសទាំង២នឹងពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។
លោក Ishiba ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន កាលពីខែតុលា ឆ្នាំមុន មានបំណងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក Trump និងពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ក្នុងបរិបទទាំង ជប៉ុន និងសហរដ្ឋអាមេរិកសុទ្ធតែកំពុងបារម្ភពីការកើនឡើងឥទ្ធិពលចិន។ តាមកាសែតជប៉ុន Asahi លោក Ishiba គ្រោងនឹងគូសបញ្ជាក់ប្រាប់លោក Trump ពីរបៀបដែលក្រុមហ៊ុនជប៉ុនបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក និងការបង្កើនកញ្ចប់ថវិកាយោធា។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ធ្លាប់មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយលោក Trump អំឡុងអាណត្តិទី១របស់លោក Trump។ ដូច្នេះក្រុមអ្នកវិភាគជឿថាលោក Ishiba នឹងព្យាយាមពង្រឹងទំនាក់ទំនង បែបនេះបន្ថែម ទោះជាបារម្ភពីការសម្លុតគំរាមដំឡើងពន្ធរបស់លោក Trump ក៏ដោយ៕