(ហ្សឺណែវ)៖ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Türk បានអំពាវនាវឱ្យស្វែងរកថវិកាចំនួន ៥០០លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់ការងារស៊ើបអង្កេត ការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ លោកបានព្រមានថា កង្វះថវិកាអាចធ្វើឱ្យជីវិតមនុស្សកាន់តែប្រឈមនឹងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) កំពុងប្រឈមនឹងការខ្វះខាតថវិការ៉ាំរ៉ៃដែលអាចកាន់តែធ្ងន់ធ្ងរ ដោយសារតែការកាត់បន្ថយជំនួយបរទេសពីសំណាក់រដ្ឋបាលអាមេរិក ដូណាល់ ត្រាំ។

លោក Türk បានព្រមានថា បើមិនអាចសម្រេចបានគោលដៅថវិកាទេ មនុស្សជាច្រើននឹងត្រូវប្រឈមនឹងការឃុំខ្លួនខុសច្បាប់ គោលនយោបាយរើសអើង និងការរំលោភបំពាន ព្រមទាំងបាត់បង់ការការពារ។

«និយាយឱ្យខ្លី ជីវិតគឺស្ថិតនៅក្នុងបន្ទុក» លោក Türk បានថ្លែងដោយលើកឡើងពី សមិទ្ធផលរបស់ការិយាល័យក្នុងការជួយដោះលែងអ្នកជាប់ឃុំដោយអយុត្តិធម៌ និងគាំទ្រជនរងគ្រោះពីការរំលោភបំពាន កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ថ្វីត្បិតតែ ប្រទេសមួយចំនួនរួមទាំងសហភាពអឺរ៉ុប បានសម្តែងការគាំទ្រចំពោះការងារ របស់ OHCHR ក៏ដោយ ក៏ការិយាល័យនេះទទួលបានត្រឹមតែពាក់កណ្តាលនៃថវិការបស់ខ្លួន ដែលបានស្នើសុំកាលពីឆ្នាំមុនប៉ុណ្ណោះ៕