(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាថាលោកនឹងប្រគល់ប្រព័ន្ធមីស៊ីល Typhon ទៅឱ្យសហរដ្ឋអាមេរិកវិញ ប្រសិនបើទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពឈ្លានពាន នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោក Marcos បានលើកឡើងដូច្នេះថា «តោះ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន៖ ឈប់​ ទាមទារ​ទឹកដី​យើង... ឈប់​បំពាន់ទូក​យើង បញ្ឈប់​បាញ់កាណុង​ទឹកលើ​ ប្រជាជន​យើង ឈប់​បាញ់​ឡាស៊ែរមក​លើ​យើង ហើយ​បញ្ឈប់​អាកប្បកិរិយា​ឃោរឃៅ និង​បង្ខិត​បង្ខំ​... ហើយ​យើង​នឹងប្រគល់​មីស៊ីល Typhon នេះឱ្យអាមេរិកវិញ»

ការលើកឡើងនេះគឺជាការបង្ហាញជំហរដ៏ខ្លាំងក្លាបំផុតរបស់លោក Marcos ចំពោះចិនជុំវិញជម្លោះដែនសមុទ្រដែលកើតមាន ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ លោកបានរិះគន់ចិនចំពោះការបន្តអះអាង ស្ទើរតែ ទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលផ្ទុយនឹងសេចក្តីសម្រេចឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលរកឃើញថាការទាមទាររបស់ចិនគ្មានមូលដ្ឋានច្បាប់។ ទោះជាយ៉ាងណា ចិនបានបដិសេធ ការចោទប្រកាន់របស់ហ្វីលីពីន និងបានអះអាងថា ខ្លួនមានសិទ្ធិលើតំបន់នោះ។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសហរដ្ឋអាមេរិក ទៅកាន់ប្រទេសហ្វីលីពីន កាលពីខែមេសាឆ្នាំមុន ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Balikatan ហើយចាប់តាំងពីពេលនោះមក វានៅមានវត្តមាននៅក្នុងប្រទេសហ្វីលីពីន៕