(ស៊ីរី)៖ កងទ័ពស៊ីរី បានបញ្ជាក់ថានឹងបាញ់ទម្លាក់រាល់យន្ដហោះចម្បំាងតួកគីទំាងឡាយណា ដែលហ៊ានរំលោភ ជាថ្មីម្ដងទៀតចូលក្នុងដែនអាកាសស៊ីរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីបញ្ជាការកងទ័ពស៊ីរី ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា «កងទ័ពតួកគីនឹងធ្វើការឆ្លើយតបរាល់ការប៉ុនប៉ងរំលោភ ចូលដែនអាកាសស៊ីរីសាជាថ្មីពីសំណាក់យន្ដហោះចម្បាំងតួកគី ក្នុងនោះរួមមានទំាងការបាញ់ទម្លាក់យន្ដហោះ ទាំងនោះតែម្ដង»។ ដោយឡែកស្របពេលនឹងការព្រមាននេះ ទីបញ្ជាកងទ័ពស៊ីរីក៏បានចោទប្រកាន់ផងដែរថា កងកម្លាំងទ័ពអាកាសតួកគី បានវាយប្រហារដោយទម្លាក់គ្រាប់បែកទៅលើភូមិ Hassadjek, Vadar និង ភូមិ Hessya នៃភាគខាងជើងទីក្រុងអាឡេប៉ូ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៥០នាក់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅកងទ័ពតួកគីបានបើកប្រតិបត្តិការយោធា Euphrate ប្រឆាំងនឹងក្រុមISIS ហើយប្រធានាធិបតីតួកគីផ្ទាល់ លោក Tayyip Erdogan បានប្រកាសថាប្រតិបត្តិការ យោធានេះមានគោលបំណងកម្ទេចក្រុមISIS នៅក្នុងរវង្វង់ផ្ទៃដី ៥,០០០គីឡូម៉ែត្រក្រឡា នៃតំបន់ព្រំដែនជាប់ស៊ីរីដើម្បីបង្កើតតំបន់សន្តិសុខមួយសម្រាប់ជនភៀសខ្លួន៕