(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៩ ខែមករា បាននិយាយថាលោកនឹងបញ្ជាឱ្យមន្ទីរបញ្ចកោណ និងក្រសួងសន្តិសុខមាតុភូមិ រៀបចំមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ មួយនៅឯពន្ធនាគារ Guantanamo Bay សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ប្រហែល ៣០ ០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅតំបន់ឆ្នេរ Guantanamo Bay ប្រទេសគុយបា ក៏មានមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយរួចហើយដែរ ដាច់ដោយឡែកពីពន្ធនាគារដែលមានសន្តិសុខតឹងរ៉ឹង ជាទីបំផុត សម្រាប់ឃុំខ្លួនជនសង្ស័យជាភេរវករបរទេស។ មន្ត្រីកិច្ចការព្រំដែនរបស់លោក ត្រាំ គឺលោក Tom Homan កាលពីថ្ងៃពុធបានឱ្យដឹងថារដ្ឋបាលលោក ត្រាំ នឹងពង្រីកមន្ទីរឃុំឃាំងដែលមានស្រាប់នេះ ហើយទីភ្នាក់ងារអន្តោប្រវេសន៍ និងអនុវត្តពន្ធគយអាមេរិកនឹងគ្រប់គ្រងមន្ទីរឃុំឃាំងនេះ។

ថ្លែងចេញពីសេតវិមានវិញ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំក៏កំពុងចុះហត្ថលេខាផងដែរលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីណែនាំឱ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខមាតុភូមិ ចាប់ផ្ដើមត្រៀមចំ មន្ទីរឃុំឃាំងមួយជនអន្តោប្រវេសន៍ ៣០ ០០០នាក់ នៅឯពន្ធនាគារ Guantanamo Bay»

គួរបញ្ជាក់ថា បើតាមលោក ត្រាំ មន្ទីរឃុំឃាំងខាងលើ នឹងត្រូវប្រើប្រាស់សម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍ជាឧក្រិដ្ឋជនដែលលោកចោទថាកំពុងគំរាមកំហែងដល់ប្រជាជនអាមេរិក៕