Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន ប្តេជ្ញានៅតែបន្តកម្មវិធីអាវុធនុយក្លេអ៊ែរ ក្រោយលោក ត្រាំ ត្រឡប់មកកាន់អំណាចឡើងវិញ (Video inside)

29-01-2025 14:43

(ព្យុងយ៉ាង)៖ នាថ្ងៃពុធ ទី២៩ ខែមករា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង នឹងនៅតែបន្តអភិវឌ្ឍទៅមុខ ដោយគ្មានទីបញ្ចប់ឡើយ ស្របពេលដែលលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់តំណែងជា ប្រធានាធិបតីអាមេរិក សាជាថ្មីម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

KCNA បាននិយាយថា ក្រោយចុះត្រួតពិនិត្យ រោងចក្រផលិតសារធាតុនុយក្លេអ៊ែរមួយកន្លែង លោក គីម ក៏បានព្រមានផងដែរអំពី ការប្រឈមមុខគ្នាចៀសមិនផុត ជាមួយបណ្តាប្រទេស ដែលប្រកាន់ភាពជាសត្រូវចំពោះទីក្រុងព្យុងយ៉ាង និងបានលើកឡើងថា ២០២៥ គឺជាឆ្នាំដ៏សំខាន់បំផុតមួយ ដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើង ទើបតែ​បានបាញ់តេស្តមីស៉ីលគ្រូសយុទ្ធសាស្រ្ត ដែលជាការធ្វើតេស្តសព្វាវុធដំបូងបំផុត របស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាច នៅសេតវិមានវិញ កាលពីថ្ងៃទី២០ ខែមករា។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់កូរ៉េខាងជើង ការប្រឹងប្រែងអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន គឺដើម្បីទប់ទល់ការគំរាមកំហែងពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា កូរ៉េខាងត្បូងជាដើម។ កាលពីសប្តាហ៍កន្លងទៅ លោក ត្រាំ ដែលធ្លាប់ជួបនិង​បើកកិច្ចប្រជុំកំពូលយ៉ាងកម្រ ប៉ុន្មានលើកជាមួយលោក គីម អំឡុងអាណត្តិកាន់អំណាចលើកទី១ បាននិយាយថា រូបលោកនឹងព្យាយាមទាក់ទងទៅកាន់លោក គីម ម្តងទៀត៕