Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំងឺផ្តាសាយបក្សី សម្លាប់សត្វមាន់ជាង២០លានក្បាលថែមទៀត នៅអាមេរិក ជាហេតុនាំឱ្យតម្លៃស៊ុតឡើងថ្លៃខ្លាំង (Video inside)

29-01-2025 13:28

(វ៉ាស៉ីនតោន)៖ ការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី H5N1 បាននិងកំពុងបន្តវាយលុកយ៉ាងធ្ងន់ធ្ងរ ទៅលើកសិដ្ឋានចិញ្ចឹមមាន់នៅសហរដ្ឋអាមេរិក ដោយបានសម្លាប់សត្វមាន់ ដែលអាចក្រាបពងបាន ចំនួនជាង២០លានក្បាលថែមទៀត កាលពីត្រីមាសកន្លងទៅ ហើយវា​បានជះផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចំពោះការផ្គត់ផ្គង់ស៊ុតនៅអាមេរិក គិតតាំងពីការឆ្លងរាលដាល បានចាប់ផ្តើម កាលពីដើមឆ្នាំ២០២២។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន US News។

ក្រសួងកសិកម្មអាមេរិក (USDA) បានចេញរបាយការណ៍ ក្នុងខែមករានេះ បង្ហាញពីតួលេខខាងលើ ដែលក្នុងនោះរាប់បញ្ចូលទាំង សត្វមាន់ ដែលត្រូវបានសម្លាប់ចោល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុស ផងដែរ។ ប្រការនេះ បានចូលរួមចំណែកធំ ក្នុងការជំរុញឱ្យតម្លៃ​ស៊ុតកើនឡើងខ្ពស់ ដល់កម្រិតបំបែកកំណត់ត្រា នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិក បានចំណាយថវិកាប្រហែល ១.២៥ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវការខូចខាតដល់ក្រុមកសិករ ដែលបានបាត់បង់សត្វមាន់របស់ពួកគេ ដោយសារការរាតត្បាតនៃជំងឺផ្តាសាយបក្សី។

គួរបញ្ជាក់ថា ករណីជំងឺផ្តាសាយបក្សីនៅសហរដ្ឋអាមេរិក បាននិងកំពុងមានសន្ទុះកាន់តែកើនឡើង អំឡុងរដូវរងា ស្របពេលសត្វបក្សីព្រៃ ដែលផ្លាស់ទី នាំយកវីរុសមកកាន់ភាគខាងត្បូង ហើយធាតុអាកាសចុះត្រជាក់ ជួយឱ្យវាងាយឆ្លងរាលដាល។ មកទល់ពេលនេះ ករណីឆ្លងជំងឺផ្តាសាយបក្សីលើមនុស្ស សរុប៦៦ករណី ក៏ត្រូវបានរាយការណ៍ផងដែរ នៅសហរដ្ឋអាមេរិក ប៉ុន្តែការឆ្លងភាគច្រើន មានស្ថានភាពស្រាល និងកើតឡើងលើអ្នកធ្វើការនៅតាមកសិដ្ឋាន ដែលប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សី ដែលឆ្លងជំងឺ។ ទោះបែបនេះក្តី អ្នកជំងឺម្នាក់ នៅរដ្ឋ Louisiana បានបាត់បង់ជីវិត៕