លោក ហ្សេលេនស្គី ថា លោក ពូទីន ខ្លាចមិនហ៊ានចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន (Video inside)
29-01-2025 11:55
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែមករា ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់ សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានច្រានចោល លទ្ធភាពជួបនិយាយគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ លោក ពូទីន បានបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រូបលោកភ័យខ្លាច ចំពោះការចរចា... ខ្លាចមេដឹកនាំដែលរឹងមាំ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីអូសបន្លាយសង្រ្គាម»។ ការលើកឡើងរបស់លោក ហ្សេលេនស្គី គឺបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការចរចាជាមួយអ៊ុយក្រែន អាចទៅរួច ប៉ុន្តែមិនមែនជាមួយលោក ហ្សេលេនស្គី នោះទេ។
គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើង តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត ៣ឆ្នាំមកហើយ និងហាក់នៅតែមិនទាន់មានសញ្ញាថា នឹងថមថយឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបត្រឡប់មកកាន់អំណាចសាជាថ្មី បានប្តេជ្ញាងជួយស្វែងរកទីបញ្ចប់ឱ្យបានឆាប់ សម្រាប់ជម្លោះនេះក៏ដោយ៕