(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោកដែលបាន រុញច្រានប្រទេសធ្លាក់ចូលក្នុងភាពចលាចលនយោបាយ ដោយក្រុមរដ្ឋអាជ្ញាបានចោទរូបលោកថាជា «មេដឹកនាំនៃអំពើបះបោរ»។ ការចោទប្រកាន់ប្រឆាំងលោក Yoon ពីបទបះបោរ កាលពីថ្ងៃទី២៦ ខែមករា បានធ្វើឱ្យរូបលោកក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់អំណាចដំបូងបំផុតដែលនឹងប្រឈមមុខនឹងសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង ការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ បច្ចុប្បន្ន លោក Yoon ត្រូវបានបង្គាប់ឱ្យស្ថិតក្នុងកន្លែងឃុំខ្លួនដែលមានក្រឡាផ្ទៃ ១២ម៉ែត្រការ៉េ នៅឯមន្ទីរឃុំឃាំងមួយ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីត្រៀមឡើងសវនាការ។
* តើមានអ្វីកើតឡើងលើលោក Yoon?
លោក Yoon ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទបះបោរ សម្រាប់ការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ប្រធានាធិបតីកូរ៉េខាងត្បូងវ័យ ៦៤ឆ្នាំរូបនេះបានតស៊ូប្រឆាំងនឹងការចាប់ខ្លួន អស់រយៈពេល ២សប្ដាហ៍ នៅក្នុងការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងកងអង្គរក្សប្រធានាធិបតី និងក្រុមអ្នកស៊ើបអង្កេតនៅឯនិវេសនដ្ឋានរបស់លោក ក្នុងទីក្រុងសេអ៊ូល។ ប៉ុន្តែនៅទីបំផុត លោក Yoon ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងកាលពីថ្ងៃទី១៥ ខែមករា។ ក្រោយការចាប់ខ្លួន តុលាការមានពេល ៦ខែ ដើម្បីធ្វើការសម្រេចចិត្ត បើពុំនោះទេលោក Yoon នឹងត្រូវបានដោះលែង។
ប្រសិនបើលោក Yoon ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទបះបោរពិតមែន នោះលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ឬក៏ធ្ងន់ធ្ងរជាងនេះគឺទោសប្រហារជីវិតតែម្ដង។ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានលើកឡើងពីក្ដីកង្វល់អំពីការប៉ុនប៉ងបំផ្លាញភស្តុតាង ជាហេតុផលមួយដើម្បីឃុំខ្លួនលោក Yoon។ ប៉ុន្តែក្រុមមេធាវីរបស់លោក Yoon បាននិយាយថា ការស៊ើបអង្កេតខ្វះខាតភាពស្របច្បាប់តាំងតែពីដើមទី និងបានដាក់ពាក្យបណ្ដឹងតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងការចោទប្រកាន់លោកប្រធានាធិបតី។
* តើឥលូវ លោក Yoon កំពុងស្ថិតនៅទីណា?
សម្រាប់ពេលនេះ លោក Yoon ត្រូវបានបង្គាប់ឱ្យស្ថិតនៅក្រោមការឃុំខ្លួននៅឯមន្ទីរឃុំឃាំងមួយក្នុងទីក្រុងសេអ៊ូល ដែលមានបំពាក់ដោយទូរទស្សន៍មួយគ្រឿង ឡាបូលាដៃ និងតុមួយដែលអាច ប្រើជាកន្លែងហូបបាយក៏បាន។ នៅក្នុងបន្ទប់ឃុំខ្លួន ក៏មានបង្គន់ គ្រែអាចបត់បាន ហើយលោក Yoon ត្រូវបានផ្ដល់ឱ្យនូវឧបករណ៍រក្សាកម្ដៅអំឡុងរដូវរងានេះផងដែរ។ ចំណែក ម្ហូបអាហារវិញ ត្រូវបានផ្ដល់ជូនដល់បន្ទប់ឃុំខ្លួន តែលោក Yoon ត្រូវលានចានឆ្នាំងដោយខ្លួនឯង ស្របទៅតាមច្បាប់ក្នុងពន្ធនាគារ។ និយាយជារួមលោក Yoon ត្រូវជាប់ឃុំដូចជាអ្នកទោសទូទៅ ទាស់ត្រង់ថា លោកត្រូវបានគេដាក់ឃុំម្នាក់ឯង ដូចដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូង២នាក់ គឺលោកស្រី Park Geun-hye និងលោក Lee Myung-bak ដែលសុទ្ធសឹងតែធ្លាប់ជាប់ពន្ធនាគារ។
* តើលោក Yoon នៅតែជាប្រធានាធិបតី ឬ?
ពិតណាស់ លោក Yoon នៅតែជាប្រធានាធិបតីស្របច្បាប់របស់កូរ៉េខាងត្បូង។ ប៉ុន្តែលោកមែនមិនកំពុងដឹកនាំប្រទេសនោះទេ ដោយសារភារកិច្ចរបស់លោកត្រូវបានព្យួរ និងប្រគល់ទៅឱ្យ ប្រធានាធិបតីស្ដីទី លោក Choi Sang-mok។ ដាច់ដោយឡែកពីតុលាការក្រុងសេអ៊ូល ដែលកំពុងពិចារណាលើការសម្រេចចិត្តជុំវិញការចោទប្រកាន់ពីបទបះបោររបស់លោក តុលាការធម្មនុញ្ញក៏ កំពុងពិចារណាថាតើត្រូវរក្សា ឬក៏ដកលោក Yoon ចេញពីតំណែងប្រធានាធិបតីផងដែរ ក្រោយសមាជិកសភាបោះឆ្នោតចោទប្រកាន់ដកតំណែងរូបលោក។ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ត្រូវបានគេរំពឹងថាអាចនឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឬយូរបំផុតនៅខែមិថុនាខាងមុខ ហើយការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញគឺជាមធ្យោបាយតែមួយគត់ដើម្បីដកលោក Yoon ពីតំណែង។ ដើម្បីអាចដកលោក Yoon ពីតំណែង គេត្រូវការសំឡេងគាំទ្រពីចៅក្រម ៦រូប ក្នុងចំណោមចៅក្រមតុលាការធម្មនុញ្ញកំពុងកាន់តំណែង ៨រូប ក្នុងការអនុម័តលើសំណើដកតំណែងរូបលោកដែល ត្រូវបានអនុម័តដោយសភា។ ក្រុមអ្នកជំនាញកូរ៉េខាងត្បូង បាននិយាយថាតុលាការធម្មនុញ្ញត្រូវបានរំពឹងថានឹងធ្វើការសន្និដ្ឋានមួយលើការពិចារណារបស់ខ្លួន មុននឹងចៅក្រម ២រូប នៃចៅក្រម តុលាការធម្មនុញ្ញបញ្ចប់អាណត្តិរបស់ពួកគេ នៅពាក់កណ្ដាលខែមេសា។ ប្រសិនបើតុលាការច្រានចោលសំណើដកតំណែង ឬរកឃើញថាការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon ត្រឹមត្រូវ តាមច្បាប់ នោះលោកនឹងត្រឡប់មកកាន់តំណែងជាប្រធានាធិបតីវិញ។ តែបើតុលាការទទួលយកសំណើដកតំណែងវិញ នោះលោក Yoon ត្រូវទម្លាក់ចេញពីតំណែង ហើយការបោះឆ្នោតប្រធានាធិបតី នឹងត្រូវធ្វើឡើង ក្នុងរយៈពេល ៦០ថ្ងៃ។ ក្នុងនាមជាប្រធានាធិបតី លោក Yoon នៅតែរក្សាបានអភ័យឯកសិទ្ធិពិសេស។ ប៉ុន្តែក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានអះអាងថាអំពើបះបោរជាបទល្មើសក្បត់ជាតិ ដែលពុំអាចរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់បាននោះទេ ហើយសូម្បីតែអភ័យឯកសិទ្ធិប្រធានាធិបតីក៏មិនអាចគេចផុតនោះដែរ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិថ្មីៗនេះ ធ្វើឡើងដោយស្ថាប័ន Gallup មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង គឺលោក Lee Jae-myung បាននាំមុខគូប្រជែង របស់លោក។ តែក្រុមអ្នកវិភាគបានព្រមានថាវាដូចជាលឿនពេកដែលគេត្រូវនិយាយថាតើលោក Lee នឹងទទួលបានជ័យជម្នះ ឬក៏យ៉ាងណា ខណៈអត្រាគាំទ្រសម្រាប់គណបក្សរបស់លោក Lee និងគណបក្សរបស់លោក Yoon នៅតែប្រកៀកប្រកិតគ្នា។ ដូច្នេះក្រុមអ្នកវិភាគកូរ៉េខាងត្បូងខ្លះយល់ថា អ្នកបោះឆ្នោតដែលមាននិន្ននាការកណ្ដាលនឹងក្លាយជាអ្នកសម្រេចចិត្តថាតើនរណាជាអ្នកឈ្នះ ប្រសិនបើការបោះឆ្នោតត្រូវបានរៀបចំឡើង៕