(វ៉ាស៉ីនតោន)៖ ប្រធានគណៈកម្មការដែនសមុទ្រសហព័ន្ធ នឹងប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា សហរដ្ឋអាមេរិក មានជម្រើសដើម្បីដោះស្រាយការកើនឡើងនូវវត្តមានចិន និងក្រុមហ៊ុនចិន នៅក្នុងប្រទេសប៉ាណាម៉ា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២៥។
នៅក្នុងសក្ខីកម្មជាលាយលក្ខណ៍អក្សរ ដែលត្រូវបង្ហាញដល់គណៈកម្មាធិការព្រឹទ្ធសភា ស្តីពីព្រែកជីកប៉ាណាម៉ា លោក Louis E. Sola បញ្ជាក់ថា «យើងត្រូវបង្កើនការគាំទ្រក្រុមហ៊ុនអាមេរិក ដែលស្វែងរកការធ្វើអាជីវកម្មនៅប៉ាណាម៉ា និងទូទាំងអាមេរិក ដោយមិនត្រូវឱ្យក្រុមហ៊ុនចិន ដេញថ្លៃតែម្នាក់ឯងលើកុងត្រាណាមួយឡើយ»។ លោក Sola បន្ថែមថា «សហរដ្ឋអាមេរិក មិនមែនគ្មានជម្រើសដោះស្រាយវត្តមានចិន និងក្រុមហ៊ុនចិន ដែលកំពុងកើនឡើងនៅប៉ាណាម៉ា និងទូទាំងអាមេរិកនោះទេ ប៉ុន្តែយើងក៏គ្មានជម្រើសដែរ ដោយសារពួកគេមកពាក់ព័ន្ធ នឹងលទ្ធភាពគ្រប់គ្រងព្រែកជីក»។
គួរបញ្ជាក់ថា ដោយលើកឡើងអំពីវត្តមានចិន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា ត្រលប់មកឋិតក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកវិញ ប៉ុន្តែមិនបាននិយាលម្អិតអំពីពេលវេលា ឬរបៀបយកមកវិញនោះទេ៕