Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី Google Maps នឹងប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៉ិក» ទៅជា «ឈូងសមុទ្រអាមេរិក» សម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក

28-01-2025 15:08

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Google កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានប្រកាសថា កម្មវិធីផែនទី Google Maps របស់ខ្លួន នឹងផ្លាស់ប្តូរឈ្មោះ របស់ឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) វិញ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះទីតាំងភូមិសាស្រ្ត របស់សហរដ្ឋអាមេរិក GNIS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទោះជាបែបនេះក្តី ឈ្មោះដែលត្រូវបានផ្លាស់ប្តូរនោះ នឹងត្រូវមើលឃើញតែ នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នឹងបន្តរក្សាឱ្យនៅដដែល នៅក្នុងប្រទេសម៉ិកស៉ិក។ ដោយឡែក នៅក្រៅប្រទេសទាំងពីរនេះវិញ អ្នកប្រើប្រាស់អន្តរជាតិ នឹងមើលឃើញឈ្មោះទាំងពីរតែម្តង នៅលើកម្មវិធី Google Maps។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រសួងគ្រប់គ្រងដែនដីនិងធនធានធម្មជាតិ របស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួនបានផ្លាស់ប្តូរជាផ្លូវការហើយ នូវឈ្មោះឈូងសមុទ្រម៉ិកស៉ិក ទៅជា ឈូងសមុទ្រអាមេរិក ហើយឈ្មោះភ្នំ Denali នៅរដ្ឋ Alaska ដែលជាភ្នំខ្ពស់បំផុតប្រចាំទ្វីបអាមេរិកខាងជើង ទៅជា ភ្នំ McKinley។ Google Maps ក៏នឹងធ្វើការកែប្រែស្រដៀងគ្នា ចំពោះឈ្មោះភ្នំនោះ ផងដែរ។

គួរបញ្ជាក់ថា កម្មវិធី Google Maps បានអនុវត្តគោលការណ៍ដាក់ឈ្មោះដូចខាងលើ ចំពោះទីតាំងភូមិសាស្រ្តដទៃៗទៀត ដែលមានបញ្ហាវិវាទរឿងឈ្មោះ។ តួយ៉ាង នៅក្រៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែនសមុទ្រដែលស្ថិតនៅចន្លោះប្រទេសទាំងពីរ ត្រូវបានដាក់សម្គាល់ថា «Sea of Japan (East Sea) ឬ សមុទ្រជប៉ុន (សមុទ្រខាងកើត)»។ ចំណែក កាលពីឆ្នាំ២០១២ អ៉ីរ៉ង់បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំង Google ជុំវិញការសម្រេចចិត្តលុបចោលឈ្មោះ ឈូងសមុទ្រពែរ្ស (Persian Gulf) ចេញពីកម្មវិធី Google Maps ហើយទុកឱ្យដែនសមុទ្រ ដែលស្ថិតនៅចន្លោះអ៉ីរ៉ង់ និងឧបទ្វីបអារ៉ាប់ នៅទំនេរចោលគ្មានឈ្មោះ។ ឥឡូវនេះ ដែនសមុទ្រនោះ ត្រូវបានដាក់សម្គាល់ថា «Persian Gulf (Arabian Gulf) ឬ ឈូងសមុទ្រពែរ្ស (ឈូងសមុទ្រអារ៉ាប់)» សម្រាប់អ្នកប្រើប្រាស់ Google Maps នៅក្នុងប្រទេសដទៃទៀត៕