(យូអិន)៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញក្តីបារម្ភ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំបំផុត របស់ពិភពលោក បានសម្រេចចិត្ត ផ្អាកការផ្តល់ជំនួយ​សឹងតែទាំងស្រុង នៅក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសពី​ការសម្រេចចិត្តខាងលើ ដែលរួមមានការលើកលែងសម្រាប់តែ ការផ្តល់ជំនួយស្បៀងអាហារបន្ទាន់ ព្រមទាំងការផ្តល់ជំនួយយោធាដល់​ប្រទេសអ៉ីស្រាអែល និងអេហ្ស៉ីប ប៉ុណ្ណោះ។ លោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី២០ ខែមករា ក្រោយ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជាមួយការប្តេជ្ញាថា នឹងតម្កល់ផលប្រយោជន៍អាមេរិកជាធំ ហើយនឹងរឹតបន្តឹងការផ្តល់ជំនួយ​ដល់បរទេស។

បើតាមអ្នកនាំពាក្យរបស់លោក Guterres លោកប្រមុខ UN បានអំពាវនាវឱ្យអាមេរិកពិចារណាពង្រីក ការលើកលែងបន្ថែមទៀត ដើម្បី​ធានាការបន្តគាំទ្រ សម្រាប់សកម្មភាពអភិវឌ្ឍន៍ និងមនុស្សធម៌ ដែលសំខាន់ជាចាំបាច់។ លោក Guterres បានសង្កត់ធ្ងន់ថា ជំនួយមានសារសំខាន់ជាខ្លាំង សម្រាប់សហគមន៍ដែលងាយទទួលរងគ្រោះ នៅជុំវិញពិភពលោក ខណៈអាយុជីវិត និងជីវភាពរស់នៅ របស់ពួកគេ ពឹងផ្អែកលើការផ្តល់ជំនួយទាំងនេះ។ ទោះជាយ៉ាងណា លោក Guterres បានបញ្ជាក់ថា រូបលោកទន្ទឹងរង់ចាំធ្វើការ ​ជាមួយរដ្ឋបាលអាមេរិកថ្មី ជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា បទបញ្ជាខាងលើរបស់អាមេរិក ហាក់ប៉ះពាល់លើជំនួយគ្រប់បែបយ៉ាង រាប់ចាប់តាំងពី ជំនួយសម្រាប់ការអភិវឌ្ឍ រហូតដល់ជំនួយយោធា រួមមានសម្រាប់អ៊ុយក្រែន ផងដែរ ដែលធ្លាប់តែទទួលបាន ការផ្តល់សព្វាវុធគិតជាទឹកប្រាក់ទំហំ​រាប់ពាន់លានដុល្លារ អំឡុងរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន ដើម្បីយកទៅទប់ទល់ការឈ្លានពានរបស់រុស្ស៉ី៕