(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជជែកពិភាក្សាតាមទូរស័ព្ទ ជាមួយព្រះមហាក្សត្រហ៊្សកដានី ស្តេច Abdullah កាលពីថ្ងៃចន្ទសប្តាហ៍នេះ ពីរថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្នើឱ្យហ៊្សកដានី និងអេហ្ស៉ីបជួយទទួលយកជនជាតិប៉ាឡេស្ទីនបន្ថែមទៀត ពីតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២៥។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក លោក Rubio និងស្តេច Abdullah បានពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ការដោះលែងចំណាប់ខ្មាំង និងការវែកផ្លូវដើម្បីបង្កើតសន្តិសុខ ស្ថិរភាពក្នុងតំបន់ហ្កាហ្សា។ លោក Rubio ក៏បានថ្លែងអំណរគុណហ៊្សកដានី សម្រាប់ការគាំទ្របទឈប់បាញ់ ដោយការអនុញ្ញាតឱ្យមាននាំយកជំនួយមនុស្សធម៌ ចូលតាមច្រករបៀងហ្ស៊កដានី។
គួរបញ្ជាក់ថា សង្រ្គាមហ្កាហ្សា ដែលផ្តើមចេញពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមហាម៉ាស វាយឆ្មល់ចូលទឹកដីអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧ ០០០នាក់ និងនាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមដែលអ៉ីស្រាអែលបដិសេធ។ បច្ចុប្បន្នការប្រយុទ្ធគ្នាត្រូវបានផ្អាក ចំពោះមុខបទឈប់បាញ់ដ៏ផុយស្រួយ។ ហ្ស៊កដានី និងអេហ្ស៉ីប បានបដិសេធគោលគំនិតតរបស់លោក ត្រាំ ដោយលើកជាសំណួរថា តើវាជាដំណោះស្រាយបណ្ដោះអាសន្ន ឬរយៈពេលវែងសម្រាប់ហ្កាហ្សា ហើយលោក ត្រាំ ឆ្លើយថាវាដូចតែគ្នា៕