(វិទ្យាសាស្រ្ត)៖ ភ្នាក់ងារអវកាសអឺរ៉ុប ESA បាននិយាយថា ក្រុមអ្នកវិទ្យាសាស្រ្តលែងបានទទួល សញ្ញាទំនាក់ទំនងជាមួយនឹងយានអវកាស «ExoMars Rover» ឬ «Schiaparelli» ទៅហើយ បន្ទាប់ពីវាបានធ្វើការចុះចតនៅលើផ្ទៃដីរបស់ភពព្រះអង្គារបានមួយនាទី នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលាឆ្នាំ ២០១៦នេះ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space នៅមុននេះបន្តិច។
អ្នកគ្រប់គ្រងបេសកកម្មនៃភ្នាក់ងារអវកាសអឺរ៉ុប បាននិយាយនៅព្រឹកនេះថា «ពួកយើងត្រូវចំណាយពេល បន្ថែមទៀតដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីបញ្ហា និងស្ថានការណ៍ដែលបានកើតឡើងចំពោះយានរុករុក និងស្រាវជ្រាវ ExoMars Rover ដែលបណ្តាលឲ្យមានការផ្តាច់សញ្ញាទាក់ទងមកផែនដី បន្ទាប់ពីវាបានធ្វើការចុះចតនៅលើផ្ទៃដីរបស់ភពអង្គារ ក្នុងរយៈមិនដល់មួយនាទីក្រោយនោះ»។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាសអឺរ៉ុប ESA នៅតែមានសង្ឃឹម នឹងជឿជាក់យ៉ាងមុតមាំដោយយានអវកាស ExoMars Rover អាចធ្វើការចុតចតយ៉ាងមានសុវត្ថិភាព ព្រមទាំងអាចធ្វើការប្រមូលទិន្នន័យបានគ្រប់គ្រាន់ នៅក្នុងកិច្ចការស្រាវជ្រាវជាលើកដំបូងនេះ។
គួរបញ្ជាក់ដែរថា យានអវកាសរុករកភពអង្គារ «ExoMars Rover» របស់ភ្នាក់ងារអវកាសអឺរ៉ុប ESA បានចុះចតនៅលើផ្ទៃរបស់ភពអង្គារនៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ១០៖៤៨ នាទីព្រឹក តាមវេលាដែលក្រុមអ្នកវិទ្យាសាស្រ្តបានគ្រោងទុក។ ដោយឡែកបច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្តកំពុងតែរង់ចាំ សញ្ញាពីយានអវកាស «ExoMars Rover» ដោយមិនអាចបញ្ជាក់បានទេថា យានមួយនេះបានធ្វើការចុះចតដោយជោគជ័យដែរឬក៏អត់នោះ៕