(គូឡាឡាំពួ)៖ អាជ្ញាម៉ាឡេស៉ី បានបដិសេធឱ្យទូកដឹកអ្នកស្វែងរកសិទ្ធិជ្រកកោន ជាជនជាតិរ៉ូហ៉ីងយ៉ា ចូលចតលើទឹកដីរបស់ខ្លួន នៅឆ្នាំនេះ ចំពេលមានក្តីបារម្ភពីសហគមន៍ក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។
យោងតាមទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៉ី ទូកពីរគ្រឿងផ្ទុកអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៣០០នាក់ ត្រូវបានប្រាប់ឱ្យចាកចេញ បន្ទាប់ពីផ្តល់អាហារ និងទឹកដល់អ្នកជិះនៅលើទូក។ ពួកគេត្រូវបានរាយការណ៍ថា ទៅចុះចតនៅជិតខេត្ត Aceh របស់ប្រទេសឥណ្ឌូណេស៉ី។
រដ្ឋមន្រ្តីមហាផ្ទៃម៉ាឡេស៉ី លោក Saifuddin Nasution Ismail បញ្ជាក់ថា «ក្រុមអនុវត្តច្បាប់រកឃើញទូកពួកគេស្ទើររាល់ថ្ងៃ ដោយរសាត់អណ្តែតលើនៅដែនទឹកអន្តរជាតិ។ ថ្មីៗនេះ ទូកមួយបានចូលចតនៅកោះ Langkawi។ យើងបានទុកពួកគេ នៅប៉ុស្តិ៍អន្តោប្រវេសន៍។ យើងកំពុងបង្ហាញពួកគេ ពីហេតុផលមនុស្សធម៌»។
នៅព្រលឹមស្រាងៗថ្ងៃទី៣ ខែមករា ក៏មានទូកឈើផ្ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជិត ២០០នាក់ ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញ នៅមីយ៉ាន់ម៉ា បានមកចូលចតនៅឆ្នេរ Teluk Yu ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនៃកោះ Langkawi។ ពួកគេភាគច្រើនគឺជាស្រ្តី និងកុមារដែលចង់ស្វែងរកសិទ្ធិជ្រកកោន នៅម៉ាឡេស៉ី។ ពលរដ្ឋជាច្រើនក្នុងចំណោម សហគមន៍ក្នុងស្រុក បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទេ ចំពោះវត្តមានទូកមកពីខាងក្រៅដូច្នេះ។
គិតត្រឹមចុងឆ្នាំ ២០២៤ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានកត់ត្រាជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជិត ២០០ ០០០នៅម៉ាឡេស៉ី។ អ្នកចុះឈ្មោះប្រហែល ១៧០ ០០០នាក់ គឺមកពីមីយ៉ាន់ម៉ា ហើយភាគច្រើនជាជនជាតិរ៉ូហ៉ីងយ៉ា៕