(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររបៀបបែងចែកជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅជុំវិញពិភពលោក ស្របតាមគោលនយោបាយតម្កល់ផលប្រយោជន៍ប្រជាជនអាមេរិកមុនគេ «America First» របស់លោក ត្រាំ ហើយនឹងដាក់ពិន័យលើបុគ្គលិកណា ដែលមិនអើពើនឹងបទបញ្ជា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។
សេចក្តីណែនាំទៅកាន់បុគ្គលិកជាង ១០ ០០០នាក់នៅទីភ្នាក់ងារ USAID ក៏បានប្រាប់ឱ្យផ្អាកការចំណាយផងដែរ ដែលនឹងប៉ះពាល់ដល់ ការផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក។ លោក Ken Jackson ជំនួយការផ្នែកគ្រប់គ្រង និងធនធានមនុស្សនៃរដ្ឋបាល លោក ត្រាំ បញ្ជាក់ថា «យើងមានទំនួលខុសត្រូវ ក្នុងគាំទ្រលោកប្រធានាធិបតី ឱ្យសម្រេចបាននូវទស្សនវិស័យរបស់លោក។ លោកប្រធានាធិបតី បានផ្តល់ឱកាសយ៉ាងធំធេង ដល់យើង ដើម្បីផ្លាស់ប្តូររបៀបផ្តល់ជំនួយទៅបរទេស សម្រាប់រយៈពេលទសវត្សរ៍ទៅមុខទៀត»។
សហរដ្ឋអាមេរិក ជាអ្នកផ្តល់ជំនួយធំជាងគេនៅលើពិភពលោក។ ពេញមួយឆ្នាំ ២០២៣ អាមេរិកបានបញ្ចេញជំនួយចំនួន ៧២ពាន់លានដុល្លារ។ ក្នុងនោះ ៤២ភាគរយជាជំនួយមនុស្សធម៌ ដែលត្រូវបានតាមដានដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២៤។ សេចក្តីណែនាំកាលពីថ្ងៃសុក្រ បានធ្វើឱ្យស្ថាប័នមនុស្សធម៌ និងសហគមន៍ដឹកនាំជំនួយអភិវឌ្ឍន៍ ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលវិសាលភាពនៃសេចក្តីណែនាំ មានលក្ខណៈទូលំទូលាយ ចំពោះមុខភាពមិនប្រាកដប្រជា នៃរបៀបអនុវត្ត។
ការផ្អាកចំណាយលើជំនួយបរទេស គឺលើកលែងតែមួយគត់ សម្រាប់ជំនួយស្បៀងអាហារមនុស្សធម៌សង្គ្រោះបន្ទាន់ និងសម្រាប់មន្ត្រីរដ្ឋាភិបាល ដែលត្រូវត្រលប់ទៅបំពេញកាតព្វកិច្ចរបស់ពួកគេ។ ប៉ុន្តែតម្រូវឱ្យមានការត្រួតពិនិត្យលម្អិត និងផ្តល់ហេតុផលច្បាស់លាស់ ហើយអាចអនុម័តបានតែពីសំណាក់បុគ្គលពីររូបប៉ុណ្ណោះ គឺប្រធាន USAID និងមួយទៀតគឺ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubi៕