Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្ទង់មតិ៖ ប្រជាជនថៃភាគច្រើន មិនគាំទ្រផែនការរបស់រដ្ឋាភិបាល ក្នុងការផ្តល់ភាពស្របច្បាប់ ដល់ការបើកកាស៉ីណូ និងការភ្នាល់ល្បែងអនឡាញ

27-01-2025 14:47

(បាងកក)៖ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា ការស្ទង់មតិមួយ បានបង្ហាញថា ប្រជាជនថៃភាគច្រើន ជំទាស់ចំពោះផែនការរបស់​រដ្ឋាភិបាល ក្នុងការផ្តល់ភាពស្របច្បាប់ដល់ ការបើកកាស៉ីណូ និងការភ្នាល់ល្បែងតាមអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងខែមករានេះ រដ្ឋាភិបាលថៃ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលសំដៅអនុញ្ញាតឱ្យ កាស៉ីណូនៅតាម​មជ្ឈមណ្ឌលកម្សាន្តធំៗ និងការភ្នាល់ល្បែងតាមអនឡាញ ទទួលបានភាពស្របច្បាប់។ បច្ចុប្បន្ន មានតែការភ្នាល់សេះ និងឆ្នោតផ្សងសំណាង គ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះ ដែលមានភាពស្របច្បាប់ នៅក្នុងប្រទេសថៃ ប៉ុន្តែការភ្នាល់បាល់ និងសកម្មភាពលេងល្បែងស៉ីសង ដោយលួចលាក់ ហើយពាក់ព័ន្ធលុយក្នុងចំនួនច្រើនៗថែមទៀត នៅតែមានព្រោងព្រាត ក្នុងប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា លទ្ធផលនៃការស្ទង់មតិ ធ្វើឡើងកាលពីពេលថ្មីៗនេះ និងមានមនុស្សចូលរួមជាង១៣០០នាក់ ដោយវិទ្យាស្ថាន National Institute of Development Administration ហៅកាត់ NIDA របស់ថៃ បានបង្ហាញថា ៦៩ភាគរយ មិនគាំទ្រឡើយ ចំពោះការអនុញ្ញាត ការភ្នាល់ល្បែងអនឡាញ ហើយ៥៩ភាគរយ មិនយល់ស្របទាំងចំពោះការអនុញ្ញាតកាស៉ីណូ និងទាំងការភ្នាល់ល្បែង ខណៈ​មានតែ២៩ភាគរយប៉ុណ្ណោះ ដែលគាំទ្រទាំងពីរ។ ខាងរដ្ឋាភិបាលថៃ បានអះអាងថា ចំណាត់ការរបស់ខ្លួន នឹងជួយលើកស្ទួយ វិស័យទេសចរណ៍ ក៏ដូចជាការវិនិយោគ៕