Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ត្រាំ បញ្ចេញគ្រាប់បែកទម្ងន់ ២.០០០ ផោនដល់អ៊ីស្រាអែលឡើងវិញ, បញ្ឈប់ការផ្អាករបស់លោក បៃដិន (Video inside)

26-01-2025 21:11

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យបញ្ចេញការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២.០០០ ផោនទៅកាន់អ៊ីស្រាអែល ដោយបញ្ឈប់ការផ្អាកដែលដាក់ចេញ ដោយអតីត ប្រធានាធិបតី Joe Biden ជុំវិញការព្រួយបារម្ភពីផលប៉ះពាល់លើជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន លើយន្តហោះ Air Force One លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា «គ្រាប់បែកទាំងនោះត្រូវបានបញ្ចេញហើយ។ ថ្ងៃនេះយើងបានបញ្ជូនវាចេញ។ អ៊ីស្រាអែល នឹងទទួលបានគ្រាប់បែកទាំងនោះ។ ពួកគេបានចំណាយប្រាក់ទិញ ហើយបាន រង់ចាំជាយូរមកហើយ។ កន្លងមកគ្រាប់បែកទាំងនោះ ស្ថិតនៅក្នុងកន្លែងស្តុកទុក»

អតីតប្រធានាធិបតីអាមេរិក លោក Biden បានផ្អាកការផ្តត់ផ្គង់គ្រាប់បែកទាំងនោះ ដោយសារការព្រួយបារម្ភ អំពីផលប៉ះពាល់ដែលអាចកើតមានលើប្រជាជនស៊ីវិល ជាពិសេសនៅតំបន់ Rafah ក្នុងអំឡុងសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់។

គួរបញ្ជាក់ថា គ្រាប់បែកទម្ងន់ ២,០០០ ផោននេះ គឺជាអាវុធដ៏មានអានុភាពដែលអាចបំផ្លាញអគារទាំងមូល និងបន្សល់ទុករណ្តៅដ៏ធំ។ ទោះបីជា រដ្ឋបាលលោក Biden បានផ្អាកបញ្ជូនវាទៅឱ្យអ៊ីស្រាអែលក៏ដោយ ក៏គ្រាប់បែកប្រភេទនេះរាប់ពាន់គ្រាប់ ត្រូវបានសហរដ្ឋអាមេរិកបញ្ជូនទៅកាន់រួចហើយ ក្រោយការវាយប្រហារដោយក្រុមហាម៉ាស់ កាលពី ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

ការសម្រេចចិត្តបញ្ចេញគ្រាប់បែកនេះឡើងវិញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កើតឡើងចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា៕