(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអាទិត្យនេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ ពីបទដឹកនាំការបះបោរទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក រយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក និងគណបក្ស ប្រឆាំង ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

មេធាវីរបស់លោក Yoon បានរិះគន់ការចោទប្រកាន់នេះថាជា «ជម្រើសដ៏អាក្រក់បំផុត» និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ ដោយប្រើវិធានការចាំបាច់ប៉ុណ្ណោះ។ ចំណែកឯ គណបក្សប្រឆាំងបានសម្តែងការស្វាគមន៍ចំពោះការចោទប្រកាន់នេះ។

ការចោទប្រកាន់បែបនេះ គឺមិនធ្លាប់មានពីមុនមកទេ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់អំណាច ហើយប្រសិនបើលោក Yoon ត្រូវបានរកឃើញថាមានទោស នោះលោកអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ។

គួរបញ្ជាក់ថា បទបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែល ប្រធានាធិបតីកូរ៉េខាងត្បូង មិនអាចទទួលបានអភ័យឯកសិទ្ធិទេ។ ទោសសម្រាប់បទល្មើស នេះ អាចមានរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត ទោះបីជាទោសប្រហារជីវិតមិនត្រូវបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយក្តី។

គួរបញ្ជាក់ថា ការចោទប្រកាន់លោក Yoon ពីបទបះបោរគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុង វិបត្តិនយោបាយដែលកំពុងបន្តនៅកូរ៉េខាងត្បូង។ ការណ៍នេះបង្ហាញពីភាពធ្ងន់ធ្ងរនៃការ ចោទប្រកាន់ប្រឆាំងនឹងលោក និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការស៊ើបអង្កេតឱ្យដល់ទីបញ្ចប់។ អនាគតនយោបាយរបស់លោក Yoon ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែល តុលាការធម្មនុញ្ញ នឹងត្រូវសម្រេចលើជោគវាសនារបស់លោក ក្នុងពេល ឆាប់ៗនេះ៕