(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រទេសដែលជាគោលដៅនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុត របស់លោក អាចជាអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ AIR FORCE ONE កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា លោក ត្រាំ បានបន្ថែមថាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក អាចជាអារ៉ាប៊ីសាអូឌីត បើទោះជាទម្លាប់ប្រធានាធិបតីអាមេរិកតែងតែធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសក៏ដោយ។ លោក ត្រាំ ក៏បានលើកឡើងដែរថាលើកចុងក្រោយ បំផុតដែលលោកធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នោះគឺដោយសារតែប្រទេសអារ៉ាប់មួយនេះបានយល់ព្រមទិញផលិតផលអាមេរិកទំហំរាប់ពាន់លានដុល្លារ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ ហើយកាលពីពេលថ្មីៗនេះលោកបាននិយាយបែបលេងសើចថា លោកអាចនឹងធ្វើទស្សនកិច្ចបែបនេះសាជាថ្មី បើមានការប្ដេជ្ញាចិត្តហិរញ្ញវត្ថុទ្រង់ទ្រាយធំពីអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតវិញ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថាប្រទេសរបស់ព្រះអង្គ នឹងបោះទុន ៦០០ពាន់លានដុល្លារ លើការវិនិយោគ និងទិញផលិតផលពីសហរដ្ឋអាមេរិក ខណៈអបអរសាទរការវិលត្រឡប់មកកាន់សេតវិមាន របស់លោក ត្រាំ៕