(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះបានថ្កោលទោសការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលរបស់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានចោទប្រកាន់ ICC ពីបទលម្អៀង និងមានស្តង់ដារពីរ ដោយបានបង្វែរភ្នែកមើលឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយកងកម្លាំងបរទេសលើប្រទេសនេះ ក្នុងអំឡុងពេលសង្រ្គាម ២០ឆ្នាំ។
ការស្នើសុំដីកាចាប់ខ្លួននេះ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដោយរដ្ឋអាជ្ញា ICC លោក Karim Khan ដោយលើកឡើង ពីការធ្វើទុក្ខបុកម្នេញលើស្ត្រីនិងកុមារី ក៏ដូចជាអ្នកដែលមិនគោរពតាមការរំពឹងទុកខាងមនោគមវិជ្ជារបស់តាលីបង់ ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១។
ក្រុមសិទ្ធិមនុស្ស Amnesty International បានសាទរចំពោះការសម្រេចចិត្តនេះ ប៉ុន្តែក៏បានជំរុញឱ្យ ICC ពិចារណាឡើងវិញ នូវការសម្រេចចិត្តក្នុងការលុបចោលការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយកងកម្លាំងបរទេស លើប្រទេសនេះផងដែរ៕