ប្រទេសហ្វីលីពីនរងទុក្ខកាន់តែធ្ងន់ ខណៈមនុស្សស្លាប់ដោយសារព្យុះកំណាច Haima កើនដល់១២នាក់ និងបានខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត
21-10-2016 10:45
(ម៉ានីល)៖ ព្យុះទីហ្វុង Super-Haima ជាព្យុះខ្លាំងក្លាជាងគេបង្អស់ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងរយៈពេលបីឆ្នាំនេះ បានបណ្តាលឲ្យចំនួនមនុស្សស្លាប់កើនដល់១២នាក់ និងបានធ្វើឲ្យខូចខាត ផលដំណាំ និងដីស្រែជាច្រើនហិកតាថែមទៀតផង នៅមុនពេលដែលវាធ្វើដំណើរទៅរកទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។
ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ លោក Ricardo Jalad បានឲ្យដឹងថា ជនរងគ្រោះចំនួន០៨នាក់ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតខាងលើ ជាប្រជាជនរស់នៅតំបន់ Cordillera។ ជាមួយគ្នានេះដែរអាជ្ញាធរហ្វីលីពីន បាននិយាយថាពួកគេកំពុងតែត្រួតពិនិត្យមើលទំហំខូចខាត នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរួម និងផលដំណាំហើយបានបញ្ជាក់ថាដីស្រែប្រមាណ ៦០,០០០ហិកតា ត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងជើងប្រទេស។
លោក Ricardo Jalad បានបញ្ជាក់ដែរថា «វាហាក់បីដូចជាយើងត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Yolanda មួយផ្សេងទៀតអ៊ីចឹង» ដោយលោកបានសំដៅទៅលើ ព្យុះទីហ្វុងដ៏កាចសាហាវមួយ ដែលផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ៦,០០០នាក់ និងបានបំផ្លាញអចលនទ្រព្យ ដែលគិតជាទឹកប្រាក់ដល់ទៅរាប់ពាន់លានប៉េសូថែមទៀតផង កាលពីឆ្នាំ២០១៣។
គួរបញ្ជាក់ដែរថា ព្យុះទីហ្វុងHaima បន្ទាប់ពីបានចាកចេញពីប្រទេសហ្វីលីពីន វាបានធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងហុងកុង ដោយត្រូវបានព្យាករណ៍ថានឹងទៅដល់កៀកទីនោះបំផុត ប្រហែលជានៅវេលារសៀល ថ្ងៃសុក្រនេះ ខណៈការធ្វើដំណើរតាមយន្តហោះនិងរថភ្លើង ចេញ-ចូលទីក្រុង ត្រូវបានផ្អាកជាបណ្តោះអាសន្ន៕