(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៤ ខែមករា យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួនមានការសង្ស័យថា កូរ៉េខាងជើង កំពុងតែត្រៀមរៀបចំបញ្ជូន កងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរបស់អ៊ុយក្រែន បើទោះបីជាបានទទួលរងការបាត់បង់ទ័ព ហើយមើលឃើញទាហានខ្លួនមួយចំនួន ត្រូវបានចាប់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ស្របពេលរយៈពេល៤ខែ បានកន្លងផុតទៅ សម្រាប់ការដាក់ពង្រាយ​កងទ័ពកូរ៉េខាងជើង ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ហើយមានការបាត់បង់ជីវិតក៏ដូចជារងរបួសទាហានជាច្រើន ព្រមទាំងខ្លះត្រូវបានចាប់ខ្លួនថែមទៀតនោះ កូរ៉េខាងជើងត្រូវបានសង្ស័យថា កំពុងតែពន្លឿនចំណាត់ការបន្ទាប់ រួមជាមួយ ការត្រៀមរៀបចំ ដើម្បីបញ្ជូនកងកម្លាំងបន្ថែមទៀត»។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ហាក់កំពុងត្រៀម បាញ់បង្ហោះផ្កាយរណបចារកម្ម និងមីស៉ីលបាលិស្ទីគរយៈអន្តរទ្វីប ICBM ផងដែរ ប៉ុន្តែពុំមានសញ្ញាថា វានឹងកើតឡើងភ្លាមៗឡើយ។

គួរបញ្ជាក់ថា ក្នុងខែមករានេះ ប្រធានាធិបតីអ៊ុយក្រែន លោក​ វ៉ូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងទ័ពកូរ៉េខាងជើង២នាក់ ត្រូវចាប់ខ្លួនបាននៅលើសមរភូមិ ក្នុងតំបន់ Kursk របស់រុស្ស៉ី។ យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងក្រុមលោកខាងលិច ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពប្រហែល១១ ០០០នាក់ ដើម្បីជួយគាំទ្រកងកម្លាំងរបស់រុស្ស៉ី នៅតំបន់ Kursk។ ទីក្រុងកៀវ បានអះអាងថា ទាហានកូរ៉េខាងជើងច្រើនជាង ៣០០០នាក់ ត្រូវបានសម្លាប់ ឬក៏រងរបួស។ ទាំងទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាង សុទ្ធតែមិនបានបដិសេធឬទទួលស្គាល់ វត្តមានរបស់កងទ័ពកូរ៉េខាងជើង ក្នុងសង្រ្គាមអ៊ុយក្រែន ឡើយ៕