Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ថា នឹងព្យាយាមទាក់ទងទៅកាន់ លោក គីម ជុងអ៊ុន ម្តងទៀត (Video inside)

24-01-2025 14:22

(វ៉ាស៉ីនតោន)៖ ក្នុងកិច្ចសម្ភាសមួយ ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងព្យាយាមទាក់ទងទៅកាន់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុង ម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងអាណត្តិកាន់អំណាចដំបូង កាលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ លោក ត្រាំ ធ្លាប់បានជួបមុខគ្នាផ្ទាល់ជាមួយ លោក គីម ដល់ទៅ៣លើក ក្នុងនោះមួយលើក នៅព្រំដែនអន្តរកូរ៉េ ខណៈ២លើកទៀត គឺជាកិច្ចប្រជុំកំពូលទ្វេភាគី ដែលត្រូវបានរៀបចំឡើង នៅឯ​ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។ លោក ត្រាំ ថែមទាំងបានអះអាងថា អ្នកទាំងពីរ មានទំនាក់ទំនងល្អនឹងគ្នា ទៀតផង។ យ៉ាងណាក្តី រដ្ឋមន្រ្តីការបរទេសរបស់លោក គឺលោក Marco Rubio បានទទួលស្គាល់ថា កិច្ចប្រឹងប្រែងនោះ មិនបាននាំឱ្យមាន​កិច្ចព្រមព្រៀងឋិតថេរណាមួយ ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើងឡើយ។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីប៉ុន្មានគ្រាប់ នៅប៉ុន្មានថ្ងៃមុន លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែមករា ជាហេតុជំរុញឱ្យក្រុមអ្នកវិភាគ មានការសង្ស័យថា តើលោក គីម ហាក់មានបំណង់ចង់បញ្ជូនសារ មកកាន់ លោក ត្រាំ ឬក៏យ៉ាងណា៕