(វ៉ាស៊ីនតោន)៖ ដើម្បីរក្សាឥទ្ធិពលរបស់ខ្លួននៅអាស៊ី សហរដ្ឋអាមេរិកហាក់ដូចជាមានជម្រើសតិចតួចណាស់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវោហាស័ព្ទជាអរិភាព ប្រឆាំងនឹងសហរដ្ឋអាមេរិក របស់ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ។ ជាក់ស្ដែងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បានត្រឹមតែនិយាយថា សហរដ្ឋអាមេរិកនឹងស្វែងរកការពន្យល់ពីលោក ឌូធើតេ ជុំវិញការប្រកាស ចែកផ្លូវគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចនៅចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលលោក អូបាម៉ា ហាក់ដូចជាមានប្រតិកម្មតិចតួចឆ្លើយតបនឹង ការជេរប្រមាថប្រឆាំងនឹងអាមេរិកពីសំណាក់ លោក ឌូធើតតេ ព្រោះថាទីក្រុងវ៉ាស៊ីនតោនខ្លាចក្រែងប៉ះពាល់ ដល់វត្តមានយោធារបស់ខ្លួន ក៏ដូចជាទំនាក់ទំនងរាប់សិបទសវត្សរ៍ជាមួយទីក្រុងម៉ានីល។ ក៏ប៉ុន្តែការសង្ស័យ ជុំវិញការប្រេះឆានៃសម្ព័ន្ធភាពនេះ បានបង្ហាញកាន់តែច្បាស់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅពេលលោក ឌូធើតតេ បានប្រកាសពីការចែកផ្លូវគ្នាពីសម្ព័ន្ធភាពដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក តាមរយៈការបង្កើត សម្ព័ន្ធភាពថ្មីមួយជាមួយចិន និងរុស្ស៊ី ដែលជាដៃគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល កាលពី អាណត្តិប្រធានាធិបតីហ្វីលីពីន លោក បេនីកណូ អាគីណូ ទី៣ យន្ដហោះឬនាវាចម្បាំងអាមេរិក ដែលមានវត្តមាននៅមូលដ្ឋានយោធាហ្វីលីពីនចំនួន០៥ទីតាំងហើយនេះ គឺជាមធ្យោបាយដែលអាមេរិក ចង់ពង្រឹងវត្តមានយោធានៅមាត់ទ្វាររបស់ចិន។ ប៉ុន្តែចាប់តំាងពីលោក ឌូធើតេ ឡើងកាន់អំណាចមក និងបន្ទាប់ពីសហរដ្ឋអាមេរិករិះគន់លើសង្រ្គាមគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន បានធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទំាងពីរឈានដល់ចំណុចរបត់ថ្មីមួយ នោះគឺការងាកទៅរកចិន និងរុស្ស៊ី ដែលនេះអាចនិយាយបានថា ជាភាពបរាជ័យមួយនៃនយោបាយការបទេសរបស់លោក អូបាម៉ា នៅអាស៊ី ខណៈចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដូចគ្នា៕